ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី៖ មានចំណេះដឹង យ៉ាងណាក៏ដោយ នៅពេលចុះបំពេញការងារ មិនបានយកចិត្តទុកដាក់ លទ្ធផលការងារគឺស្មើនឹងសូន្យ

38

 

ភ្នំពេញ ៖ បើទោះបីជាយើងមានចំណេះដឹងយ៉ាងណាក៏ដោយ នៅពេលដែល ចុះបំពេញការងារយើងមិនបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញការងារដែលបាននឹងកំពុងអនុវត្តនោះទេ លទ្ធផលការងាររបស់យើងគឺស្មើនឹងសូន្យ ។
នេះជាប្រសាសន៍លើកឡើងរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
ក្នុងឱកាសដែលលោកអញ្ជើញ ជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មសិក្សាការីនៃសាលាភូមិន្ទ
រដ្ឋបាលឆ្នាំ២០២១ចំនួន១០នាក់នៅភ្នំពេញ សាលារាជធានីភ្នំពេញ នារសៀលទី១៩មករាឆ្នាំ២០២១នេះ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងណាស់ លើ ការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយសម្តេចយល់ថា ការបណ្ដុះបណ្ដាលធនធានមនុស្សនឹងអាចកសាងប្រទេសជាតិមួយឲ្យបានរឹងមាំនិងរីកចម្រើនជឿនលឿន ។ ជាក់ស្ដែងក្រោយឆ្នាំ១៩៧៩ ពោលគឺនៅថ្ងៃទី២៤ខែមករាឆ្នាំ ១៩៧៩ កម្ពុជាបានបើកបវេសនកាល ដើម្បីឲ្យមានការសិក្សាឡើងវិញ ក្នុងការ បណ្ដុះបណ្ដាលធនធានមនុស្ស។

លោកបន្តថា ការបណ្ដុះបណ្ដាលធនធានមនុស្សទោះបី អ្នកនោះ ចេះដឹងក្នុងកម្រិតណាក៏ដោយ បើពេលទៅបំពេញការងារយើងមិនបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារនោះទេ នោះការងាររបស់យើង ស្មើនឹងចំណុចសូន្យ ។

ដូច្នេះលោកស្នើឲ្យមានការខិតខំប្រឹងប្រែងបំពេញការងារអោយល្អ
ប្រសើរ នោះសង្គមជាតិក៏រីកចម្រើនទៅតាមនោះដែរ ។
លោកបញ្ជាក់ផងដែរថា ការខិតខំបំពេញការងារដោយប្រើចំណេះដឹងរបស់យើងប្រៀបបាននឹងការសំលៀងកាំបិតអញ្ចឹងដែរ មានន័យថា បើយើងមិនយកចំណេះដឹង មកប្រើប្រាស់ទេ ចំណេះដឹងនោះនឹងទទួលរងនូវការរេចរិល។លោកសុំឲ្យប្អូនៗ ជាកម្មសិក្សាការីនៃសាលភូមិន្ទរដ្ឋបាលទាំងអស់ ត្រូវយកចំណេះដឹងដែលបានសិក្សាទាំងនេះ ទៅបម្រើប្រជាពលរដ្ឋឱ្យសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសូមឱ្យបងប្អូន ទាំងអស់មានមហិច្ឆតាខ្ពស់ធ្វើយ៉ាងណាខិតខំរៀនសូត្រថែមទៀតស្របទៅ មហិច្ឆតារបស់សម្ដេចតេជោហ៊ុន សែន គឺចង់ឲ្យប្រទេសកម្ពុជាមាន ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋកម្ពុជា រស់នៅដោយភាពសុខសាន្ត។

លោកក៏បានស្នើឱ្យបងប្អូន មានការចែករំលែកចំណេះដឹងជូនទៅអ្នករួមការងារ ជាមួយគ្នា សាមគ្គីភាពគ្នា អោយបានល្អប្រសើរ សំដៅធ្វើយ៉ាងណារួមគ្នា កសាងប្រទេសយើងឲ្យបានរីកចម្រើននិងរឹងមាំ។យើងត្រូវចងចាំថា មន្ត្រីរាជការគឺជាអ្នកបម្រើប្រជាពលរដ្ឋមិនមែនចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។ ដូច្នេះគ្រប់កិច្ចការងារក្នុងនាមជាមន្ត្រីរាជការត្រូវតែ នៅកៀកជិត ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ពោលគឺ ពេលដែលបងប្អូនប្រជាពលរដ្ឋត្រូវការគឺយើងអាចជួយពួកគាត់បានទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថា កម្មសិក្សាការីទាំង១០នាក់នេះបានបញ្ចប់ការសិក្សាឆ្នាំសិក្សា២០២១ ក្រោយពី បានសិក្សារៀនសូត្រអស់រយៈពេល៩ខែ នៅសាលាភូមិន្ទរដ្ឋបាល ដោយបានសិក្សាកាលពីខែកុម្ភៈ រហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យនៅខែធ្នូឆ្នាំ ២០២១ បើទោះបីជាការសិក្សាស្ថិតក្នុងបរិបទជម្ងឺកូវីដ-១៩យ៉ាងណាក្តី៕

អត្ថបទដែលជាប់ទាក់ទង