ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុត លើពិភពលោក បានចូលជួបសំដែង ការគួរសមជាមួយ ឯកឧត្ដម គួច ចំរើន

252

ព្រះសីហនុ ៖ រសៀលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប៊្រុយណូ បូដា អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក និងប្រតិភូអមដំណើរ បានចូលជួបសំដែងការគួរសមជាមួយ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សាអំពីការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោក នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ និងជម្រាបជូនឯកឧត្តមអគ្គ នាយកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោកថា រយៈពេលពីរឆ្នាំកន្លងមក ដោយសារវិបត្តិកូវីដ យើងមិនបានធ្វើការចែករំលែកបទពិសោធន៍អំពីសមុទ្រ ហើយថ្ងៃនេះបានជួបនឹងឯកឧត្តមអគ្គនាយកក្លឹបឆ្នេរស្អាត ដែលជាស្ថាបនិកបានអញ្ជើញមកចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សង្ឃឹមថាឯកឧត្តមនឹងជួយចែករំលែកនូវបទពិសោធន៍ល្អៗ និងថ្មីៗដល់ខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា យើងមានសក្តានុពល ប៉ុន្តែយើងខ្វះធនធានមនុស្សក្នុងការកែឆ្នៃអភិវឌ្ឍប្រកបដោយចីរភាព។ ខេត្តព្រះសីហនុចង់បានបទពិសោធន៍គ្រប់គ្រងបរិស្ថានបានយូរអង្វែង ដើម្បីបំរើផលប្រយោជន៍សេដ្ឋកិច្ច និងសុំឱ្យឯកឧត្តមអគ្គនាយកជួយបង្កើតព្រឹត្តិការណ៍នានានៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញទេសចរណ៍។

ឯកឧត្តម ប៊្រុយណូ បូដា អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក បានមានប្រសាសន៍ថា នេះជាដំណើរទីមួយមកកាន់ខេត្តព្រះសីហនុ បន្ទាប់ពីជំងឺកូវីដ ដែលរងផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការងារមនុស្សធម៌។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់សម្រាប់ខេត្តព្រះសីហនុ ដែលគ្រប់គ្រងសមុទ្របានល្អ ដែលធ្វើឱ្យលោកមកកាន់ទីនេះដោយមានការអញ្ជើញពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ក្នុងការបើកវេទិកាទេសចរណ៍លើកទី៤០ ឆ្នាំ២០២២ (ATF 2022) ពិតជាត្រឹមត្រូវ។ កម្ពុជា ជាប្រទេសដែលមានវប្បធម៌ មានប្រាសាទអង្គរវត្ត និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ ការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះគឺបានបង្ហាញឱ្យអន្តរជាតិបានឃើញថា កម្ពុជាបានចាត់វិធានការយ៉ាងខ្ជាប់ខ្ជួនក្នុងកាទប់ស្កាត់ជំងឺកូវីដ-១៩ ហើយបណ្តាប្រទេសនៅលើពិភពលោកកំពុងមានការប្រឈម។ អ្វីទាំងនេះជាកិត្តិយសសម្រាប់ខេត្តព្រះសីហនុ ដែលប្រកាសបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ។

ឯកឧត្តមបានបញ្ជាក់ថា ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងលើព្រៃកោងកាងដុះក្នុងសមុទ្រ ព្រោះវាបានជួយការពារជម្រកមច្ឆាជាតិ អាចស្រូបយកឧស្ម័នកាបូនិក និងការបំពុលបរិស្ថាន ព្រមទាំងផ្លាស្ទិកបានថែមទៀតផង។ សូមឱ្យកម្ពុជាព្យាយាមរក្សាតុល្យភាពទាំងអស់នេះឱ្យបានល្អ។ យើងនឹងធ្វើការផ្លាស់ប្តូរប្រធានបទសមុទ្រ និងការអនុវត្តជាក់ស្តែងតាមប្រទេសនីមួយៗ យើងត្រៀមរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក នៅខេត្តព្រះសីហនុ នាចុងឆ្នាំ ២០២២ខាងមុខ ជានិមិត្តរូបផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ព្រមទាំងភ្ញៀវបរទេសមកស្គាល់សម្បត្តិធម្មជាតិឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ ទន្ទឹមនោះយើងត្រូវរួមគ្នាការពារបរិស្ថាន និងអភិវឌ្ឍសង្គមឱ្យកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង