ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំ ពង្រឹងវិធានការសុវត្ថិភាពសុខភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេស

43

 

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងវិធានការសុវត្ថិភាពសុខភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេស ដោយអនុវត្តការបង្រៀន និងរៀនតាមបណ្ដុំ (សិស្សមិនលើសពី ២០ នាក់) និងឆ្លាស់វេន ចំពោះគ្រឹះស្ថានសិក្សាដែលមានចំណុះសិស្សច្រើន រួមជាមួយ និងការបង្រៀន និងរៀនតាមអនឡាញ។

យោងតាមការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល មេរោគបំប្លែងខ្លួនអូមីក្រុង បានរីករាលដាលដល់ ខេត្តមួយចំនួន ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាត យ៉ាងឆាប់រហ័ស នៃវីរុសបំប្លែងខ្លួនអូមីក្រុង នៅក្នុងគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទាំងអស់ នូវចំណុចសំខាន់ៗ មួយចំនួន ដូចខាងក្រោម៖

១. ពង្រឹងការអនុវត្តវិធានការសុខាភិបាល ការពាក់ម៉ាស់ការពារឱ្យបានខ្ជាប់ខ្ជួន និងការរក្សាគម្លាតសុវត្ថិ ភាព ឱ្យបានម៉ឺងម៉ាត់

២. ត្រួតពិនិត្យសុខភាព និងអាការៈ របស់គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្សានុសិស្ស ឱ្យបានជាប្រចាំ ក្នុងករណីមានកម្ដៅលើសពី ៣៧,៥ អង្សាសេ ឬ មានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវណែនាំឱ្យទៅរកសេវាសុខាភិបាលសមស្រប និងអនុញ្ញាតឱ្យឈប់សម្រាករហូត បានធូរស្រាលសុខភាពជាប្រក្រតី ទើបត្រឡប់មកបំពេញភារកិច្ច និងបន្តការសិក្សាដោយផ្ទាល់នៅ គ្រឹះស្ថានសិក្សាវិញ

៣. អនុវត្តការបង្រៀន និងរៀនតាមបណ្ដុំ (សិស្សមិនលើសពី ២០ នាក់) និងឆ្លាស់វេន ចំពោះគ្រឹះស្ថានសិក្សាដែលមានចំណុះសិស្សច្រើន រួមជាមួយ និងការបង្រៀន និងរៀនតាមអនឡាញ។ ទទួលសេចក្ដីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង