ប្រជាពលរដ្ឋមានជីវភាព ខ្វះខាត៣០គ្រួសារ នៅសង្កាត់អូឡាំពិក សប្បាយចិត្តពេលបានទទួល អំណោយកាកបាទក្រហមកម្ពុជា..!
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង និង លោកស្រីគឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញនិងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកងដែលអំណើរដោយលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងនិងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងព្រមទាំងលោកចៅសង្កាត់ និង អស់លោក លោកស្រី មន្រ្តីសាលាខណ្ឌ,សាលាសង្កាត់ជាច្រើន រូបទៀតបានអញ្ជើញចុះជួបសំណេះសំណាលដោយសាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទៅផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៣០គ្រួសារនៅសង្កាត់អូឡាំពិកខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដើម្បីទុកដោះស្រាយជីវភាព។
នាឱកាសនេះផងដែរ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្រីក្រទាំង៣០គ្រួសារដោយបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រទាំងអស់ដោយក្តីនឹករលឹក។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានមានមតិលើកឡើងដោយគូសបញ្ជាក់ថាជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរជានិច្ចទៅដល់បងប្អូនប្រជាជនទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ នឹង មិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀងឬអត់អាហារនោះឡើយហើយសកម្មភាពការងារមនុស្សធម៌នេះគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានអោយដឹងថាអំណោយមនុស្សធម៌ដែលបានចែកជូនប្រជាជនក្រីក្រទាំង៣០គ្រួសារនៅសង្កាត់អូឡាំពិកនៅពេលនេះគឺទទួលបាននូវគ្រឿងបរិភោគជាច្រើនមុខ។
ជាមួយគ្នានោះផងដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងក្នុងន័យគិតគូអំពីសុខទុក្ខចំពោះបងប្អូនប្រជាជនទូទៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់និងបងប្អូនអាជីវករនៅតាមទីផ្សារនានានៅខណ្ឌបឹងកេងកងព្រមទាំងអតិថិជននៃផ្សារនិមួយៗសូមអោយបងប្អូនបន្តចូលរួមអនុវត្តន៍ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា និង ជាពិសេសអ៊ំចាស់ ៗត្រូវថែទាំសុខភាពផងដែរហើយសូមអោយបងប្អូនទៅចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ នូវដូសទី៤នៅមណ្ឌលសុខភាពទួលស្វាយព្រៃអោយបានគ្រប់ៗគ្នាផងដែរ៕