សារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន ពាក់ពន្ធ័ការកែប្រែលក្ខខណ្ឌព្យាបាល អ្នកកើតជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២នេះ បានចេញសារពិសេសមួយណែនាំ ឱ្យកែប្រែលក្ខខណ្ឌព្យាបាល អ្នកជំងឺកូវីដ១៩ ដោយកើតមេរោគបំប្លែងអូមីក្រុង បន្ទាប់ពីឃើញស្ថានអ្នកជំងឺកើត មេរោគនេះ មិនមានសភាពធ្ងន់ធ្ងរ។
កាលពីពេលមុនក្នុងដំណាក់កាលតាមដាន ស្ថានភាពនៃការវាយប្រហារ របស់ជំងឺកូវីដ១៩នោះ សម្តេចតេជោ បានចេញបទបញ្ជាឱ្យអ្នកជំងឺអូមីក្រុងទាំងអស់ ត្រូវតែព្យាបាលនៅតាមមន្ទីរពេទ្យ។
តែក្នុងសារសំឡេងពិសេសនាយប់នេះ សម្តេចតេជោ បានបង្ហាញការកត់សម្គាល់ថា អូមីក្រុង ទោះបីមានការចម្លងលឿន តែវាមិនមែនជាប្រភេទជំងឺ ដ៏គ្រោះថ្នាក់នោះទេ បើធៀបជាមួយដែលតា ជាមួយអាល់ហ្វា ដែលយើងអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ នៅតាមសណ្ឋាគារ និងនៅតាមទីកន្លែង។
យោងទៅលើហេតុផលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវបទបញ្ជាថ្មី ដោយអនុញ្ញាតឱ្យអ្នកជំងឹអូមីក្រុង អាចព្យាបាលនៅតាមផ្ទះ សម្រាប់ពលរដ្ឋខ្មែរ។ ដោយឡែកជនបរទេសអាចព្យាបាលនៅសណ្ឋាគារ ឬនៅតាមស្ថានទូត។
ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដូចខាងក្រោម៖
១៖ សម្រាប់ជនបរទេសទាំងអស់ ដែលចូលមកកាន់ ព្រះរាជាណាចក្រកម្ពុជា រកឃើញវិជ្ជមានកូវីដ១៩ បើទោះបីអូមីក្រុង ឬមិនអូមីក្រុង ក៏សុំអនុញ្ញាតឱ្យទៅព្យាបាលនៅ តាមសណ្ឋាគារ សម្រាកព្យាបាលនៅតាមស្ថានទូត សម្រាកព្យាបាលនៅតាមកន្លែង ដែលពួកគាត់ជ្រើសរើស។ ដូច្នេះមិនចាំបាច់យក ជនបរទេសចូលទៅក្នុងមន្ទីរពេទ្យទៀតទេ។
២៖ ប្រជាពលរដ្ឋខ្មែរ ទាំងខ្មែរមកពីបរទេស ទាំងខ្មែរនៅក្នុងស្រុក ដែលមានការឆ្លងមេរោគអូមីក្រុង ក៏អនុញ្ញាតឱ្យទៅព្យាបាល នៅតាមផ្ទះដូចជំងឺដែលតា និងអាល់ហ្វាដូចគ្នា ដោយអនុវត្តនីតិវិធីបច្ចេកទេសសុខាភិបាល ក៏ត្រូវធ្វើដូចគ្នា។ ដូច្នេះពុំមានតម្រូវការ ចាំបាច់ដូចកាលពីពេលមុន ដែលតម្រូវត្រូវតែព្យាបាល នៅក្នុងមន្ទីរពេទ្យនោះទេ។ អ្នកជំងឺទាំងឡាយ ត្រូវរកទីកន្លែងសមរម្យ ក្នុងករណីតាមផ្ទះមិនអាច សម្រាកព្យាបាលបាន ចាំទៅមន្ទីរពេទ្យរបស់រដ្ឋ។ ប៉ុន្តែក្នុងករណីអាចព្យាបាលបាន សុំផ្តល់ឱកាសព្យាបាល នៅតាមផ្ទះ និងតាមទីកន្លែងដែល ខ្លួនត្រូវការ។ មិនតម្រូវឱ្យមានការចូលមន្ទីរពេទ្យ ត្រូវតែនៅមន្ទីរពេទ្យដូចពេលមុន សម្រាប់ជំងឺអូមីក្រុងនោះទេ។
៣៖ អ្នកជំងឺអូមីក្រុង ដែលកំពុងស្ថិតនៅក្នុងម ន្ទីរពេទ្យបច្ចុប្បន្ននេះ ជាជនបរទេស ឬក៏ជាជនខ្មែរ បើចង់ចាកចេញ ពីមន្ទីរពេទ្យទៅព្យាបាលនៅតាមផ្ទះ ឬនៅតាមសណ្ឋាគារ ក៏សូមអនុញ្ញាតឱ្យចេញ ចាប់ពីយប់នេះតទៅ។
សម្តេចតេជោ បានបញ្ជាក់ថា បទបញ្ជានេះចាប់ផ្តើមអនុវត្តន៍ ពីយប់នេះតទៅ។ សម្តេចតេជោ បានស្នើដល់អាជ្ញាធរ ពាក់ព័ន្ធ ជាពិសេសក្នុងវិស័យសុខាភិបាល មន្ទីរពេទ្យ ក្រុមគ្រួសារ ក៏ដូចជាសាម៉ីខ្លួនចង់ ចាកចេញពីមន្ទីរពេទ្យ ក៏អាចចាកចេញបាន។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំទៅ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចេញនូវសេចក្តីណែនាំបន្ថែម ទៅលើវិធានការនានា ដើម្បីចៀសវាងការចម្លង។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ចុងក្រោយថា ការអនុញ្ញាតឱ្យព្យាបាល នៅតាមផ្ទះមិនមែនអនុញ្ញាត ឱ្យដើរលេងតាមចិត្តនោះទេ គឺគ្រាន់តែផ្ទេរពីមន្ទីរពេទ្យ ទៅព្យាបាលតាមសណ្ឋាគារ ឬព្យាបាលនៅតាមផ្ទះ ឬព្យាបាលនៅកន្លែងផ្សេងក្រៅ ពីមន្ទីរពេទ្យតែប៉ុណ្ណោះ។
សម្តេចតេជោសង្ឃឹមថា ភ្ញៀវបរទេស ដែលចូលមកកម្ពុជា នឹងមិនព្រួយបារម្ភ ពីការដាក់ឱ្យព្យាបាល នៅមន្ទីរពេទ្យ ក្នុងករណីរកឃើញ កើតមេរោគបំប្លែងថ្មីអូមីក្រុង៕