ក្រសួងការបរទេស បង្ហាញលទ្ធផលផ្លូវការ នៃដំណើរទស្សនកិច្ច របស់រដ្ឋមន្ដ្រីការបរទេសវៀតណាម នៅកម្ពុជា
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ នៃដំណើរទស្សនកិច្ចរបស់លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅកម្ពុជា ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប៊ូយ ថាញ់សឺន នៅកម្ពុជានាពេលនេះ គឺសំដៅលើកកម្ពស់ និងធ្វើឱ្យស៊ីជម្រៅទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរទ្វេភាគីរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក ប៊ូយ ថាញ់សឺន បានអញ្ជើញចូលជួបសម្តែង ការគួរសមដាច់ដោយឡែកពីគ្នា ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា។