ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រភពទុនធំៗ ៣ ដែលមានឥទ្ធិពលលើវិស័យដីធ្លី និងសេដ្ឋកិច្ចជាតិ

141

 

ភ្នំពេញ៖ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានចាត់ទុកប្រភពទុនសំខាន់ៗ ៣ ដែលជះឥទ្ធិពលវិជ្ជមានដល់វិស័យដីធ្លី និងសេដ្ឋកិច្ចជាតិ ពិសេសបន្ទាប់ពីវិបត្តិកូវីដ-១៩ រួមមានប្រភពទុនខ្មែរក្នុងស្រុក ខ្មែរដែលមានលុយនៅបរទេស និងអ្នកវិនិយោគបរទេស ។ លោកបានលើកឡើងបែបនេះ នៅក្នុងពិធីបើកសិក្ខាសាលាស្ដីពី «អនាគតនៃវិស័យអចលនទ្រព្យនៅកម្ពុជា» នៅថ្ងៃទី២៣ ខែមករានេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។

អ្នកជំនាញរូបនេះ បានពន្យល់ថា នៅដើមឆ្នាំ២០២២ និងឆ្នាំបន្ដបន្ទាប់ទៀត មានមនុស្សជាច្រើនរំពឹងថា អ្នកវិនិយោគចិន និងអ្នកវិនិយោគបរទេសជាច្រើន នឹងត្រឡប់មកវិនិយោគនៅកម្ពុជា ក្រោយស្ថានភាពកូវីដ-១៩ ធូរស្រាល ហើយលោកក៏មិនបដិសេធដែល ចំពោះការមានសុទិដ្ឋិនិយមដូច្នេះ ដ្បិតលោកក៏រំពឹងដែរ តែលោកបានចោទសួរថា តើនរណាគេពិតប្រាកដ ដែលមានឥទ្ធិពលលើវិស័យដីធ្លីកម្ពុជា?

ត្រង់ចំណុចនេះ លោកបានគូសបញ្ជាក់ថា «បើយើងគិតពីបំពង់ទុយោនៃការបង្ហូរទុនចូលក្នុងវិស័យដីធ្លីយើង គឺមានច្រើនប្រភព យើងមានខ្មែរក្នុងស្រុក ខ្មែរដែលដាក់លុយនៅបរទេសយកលុយមកចូលស្រុកវិញ ហើយនឹងបរទេស។ ទី១- ខ្មែរក្នុងស្រុក យើងនិយាយពីអ្នកឧកញ៉ា ឧកញ៉ា អ្នកមានធំៗ បញ្ចេញលុយវិនិយោគអភិវឌ្ឍវិស័យដីធ្លីស្រុកយើង តាមរយៈការសាងសង់ផ្សេងៗ គាត់សង់រោងចក្រ ឃ្លាំង សណ្ឋាគារ អាផាតមិន វីឡា បុរី និងសង់ខុនដូជាដើម។ អ៊ីចឹងគឺទុនរបស់មហាសេដ្ឋី សេដ្ឋី និងអ្នកមានក្នុងស្រុក គឺជាប្រភពទុនសំខាន់បំផុត។

ទី២- ទុនរបស់បរទេស មកវិនិយោគនៅស្រុកខ្មែរ ។ ពេលដែលយើងនិយាយពីទុនបរទេសមកវិនិយោគស្រុកខ្មែរ យើងត្រូវដឹងថា ចិន គឺលេខ១ តែក៏មានលេខ២ លេខ៣ លេខ៤ និងបរទេសជាច្រើនទៀត ដូចជាកូរ៉េ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ីជាដើម។ បើចិន មកគឺល្អហើយ គ្រាន់តែថា ចិន គឺជាផ្នែកមួយ នៃក្រុមអ្នកវិនិយោគបរទេស ។ អ៊ីចឹង គឺសំខាន់ បើចិនមកវិញ ហើយបើចិនមកវិញ អ្នកផ្សេងៗ មកច្រើនទៀត កាន់តែល្អ។

ទី៣-ទុនរបស់ខ្មែរ ដែលផ្ញើលុយនៅស្រុកក្រៅ ។ លុយខ្មែរផ្ញើនៅស្រុក្រៅ ប្រសិនបើអ្នកដែលមានលុយក្រៅស្រុក គាត់បង្វែរទុនមកវិនិយោគនៅស្រុកខ្មែរវិញ គឺល្អ មានន័យថា យកលុយមកវិនិយោគលើផ្លូវ ប្រឡាយទឹក កសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ៣ប្រភេទទុនហ្នឹង គឺសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងវិស័យអចលនទ្រព្យកម្ពុជា ។ បើមានប្រភពទុន ៣នេះ ដំណាលគ្នា គឺសេដ្ឋកិច្ចយើងនឹងល្អ ហើយយើងអាចនឹងរីកចម្រើនជាច្រើនក្នុងតំបន់ នៅលើពិភពលោក»។

សម្រាប់សិក្ខាសាលាខាងលើវិញ នឹងត្រូវរៀបចំរយៈពេល ១ថ្ងៃពេញ ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ ។ លោកបណ្ឌិត គីម ហ៊ាង បន្ដថា ដោយសារក្រុមហ៊ុនខកខានរៀបចំសិក្ខាសាលាបែបនេះ ២ឆ្នាំ ព្រោះវិបត្តិកូវីដ-១៩ បានធ្វើឲ្យអ្នករកស៊ី និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះ ចាប់អារម្មណ៍ និងចុះឈ្មោះចូលរួមជាច្រើន រហូតដល់ជិត ៤០០នាក់ តែដោយគោរពវិធានការសុខាភិបាល ក្រុមហ៊ុនកំណត់អ្នកចូលបានត្រឹម ២០០នាក់ប៉ុណ្ណោះ ខណៈបើបើកចូលរួមសេរីលោករំពឹងថា មិនក្រោម ១ពាន់នាក់ឡើយ។

តាមរយៈសិក្ខាសាលានេះដែរ លោកសង្ឃឹមថា នឹងផ្ដល់ចំណេះដឹង និងព័ត៌មានថ្មីៗ អំពីបច្ចុប្បន្នភាពនៃវិស័យអចលនាទ្រព្យកម្ពុជា និងទៅថ្ងៃអនាគត ទាំងការទិញ-លក់ និងការអភិវឌ្ឍជាដើម ពិសេសនឹងធ្វើឲ្យអ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់ពីក្រុមហ៊ុនអាមេរិកនៅកម្ពុជា គឺ KW Cambodia៕

អត្ថបទដែលជាប់ទាក់ទង