តំណាងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំវេទិការទេសចរណ៍អាស៊ានលើកទី៤០
ភ្នំពេញ ៖ តំណាងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក (the Most Beautiful Bays in the World) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានចេញលិខិតអបអរសាទរ និងថ្លែងអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំវេទិការទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមរយៈលិខិត បានឲ្យដឹងថា ជាបឋម ក្នុងនាមតំណាងឱ្យក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក , ខ្ញុំសូមអនុញ្ញាតជម្រាប ជួនថា ខ្ញុំមានកោតសរសើរយ៉ាងខ្លាំង ចំពោះជោគជ័យ នៃការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅ ក្រុងព្រះសីហនុ ក្រោមការដឹកនាំរៀបចំដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ ជាពិសេសតាមរយះការចូលរួម ដោយផ្ទាល់ពីបណ្ដាប្រតិភូ និងភ្ញៀវកិត្តិយស អន្តរជាតិដែលអញ្ជើញមកពីបណ្តាប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងរូបខ្ញុំផ្ទាល់ដែលមកពីប្រទេសបារាំង។
វេទិកានេះ រួមជាមួយការប្រកាសបើកទេសចរណ៍អាស៊ាននេះ អាចចាត់ទុកថាជាការរៀបចំព្រឹត្តិការណ៍ អន្តរជាតិលើកដំបូងសម្រាប់តំបន់អាស៊ី និងជាគំរូសម្រាប់ប្រទេសដទៃ ដោយខ្ញុំផ្ទាល់មើលឃើញផ្ទាល់ថា ការរៀបចំទាំងមូល មានការត្រួតពិនិត្យ និងអនុវត្តបានម៉ត់ចត់ តាមវិធានសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ តាំងពីដើមរហូតដល់ចប់កម្មវិធី។ ខ្ញុំក៏សូមយកឱកាសនេះ ធ្វើការវាយតំលៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការតាំង ពីដំបូងប្រកបដោយប្រសិទ្ឋភាពក្នុង ការទប់ស្កាត់ជំងឺកូវីដ-១៨ ខណៈដែលបណ្តាប្រទេសជាច្រើន នៅជុំវិញពិភពលោកនៅបន្តញាំញីដោយវិបត្តិនេះ។
តំណាងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បានលើកឡើងថា ក៏សូមអរគុណដល់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលបានចំណាយ ពេលវេលាជួបពិភាក្សាជាមួយខ្ញុំ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ និងជំនួបជាមួយ ឯកឧត្តមអភិបាលខេត្ត ព្រះសីហនុ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលដោយ ឯកឧត្តម ថោង ខុន ដោយយើងទាំងអស់គ្នាបានពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ និងសមិទ្ធផលជាច្រើន ពាក់ព័ន្ធការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ។
ក្នុងន័យនេះ ក្នុងនាមស្ថាបនិក និងអគ្គនាយកក្ដីបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ខ្ញុំក៏សូម កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសការអភិវឌ្ឍក្រុងសីហនុ ដែលខ្ញុំ បានឃើញផ្ទាល់នឹងភ្នែក ដែលមានដូចជាផ្លូវថ្នល់ធំទូលាយស្របតាមស្តង់ដា ការរៀបចំសោភ័ណភាពឆ្នេរសមុទ ជាមួយបន្នប់ទឹកសាធារណៈ ការរៀបចំអាងប្រព្រឹត្តកម្មទឹកសន្ទុយជាដើម។ ទាំងអស់នេះ ធ្វើឲ្យខ្ញុំអាចវាយតម្លៃថា ជាឧទាហរណ៍ដ៏ល្អក្នុងការគិតគួរគ្រប់ជ្រុងជ្រោយ នូវការអភិវឌ្ឍទីក្រុង និងតំបន់ឆ្នេរសមុទ្រសម្រាប់អនាគត។
ជាថ្មីម្ដងទៀត តំណាងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក សូមថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលយល់ព្រម ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតពិភពលោករបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកឆ្នាំ២០២២ ដែលជាលទ្ធផលនៃជំនួបសម្តែងការគួរសមប្រកបភាពស្និទ្ធស្នាល មិត្តភាព និយាយត្រង់ត្រង់មកចេញពីបេះដូងរវាង យើងទាំងពីរ នាឱកាសពិធីបុណ្យសមុទ្រ កាលពីកំឡុងខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំ ថា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើក ឬកម្មវិធីណាមួយន អង្គមហាសន្និបាត ដែលគ្រោងរៀបចំនាកំឡុងខែធ្នូ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ភ្ជាប់ជាមួយរមណីយដ្ឋាន តារាសាគរ ក្នុងខេត្តកោះកុង។
មហាសន្និបាតពិភពលោកនៅឆ្នាំ២០២២ នឹងក្លាយជាឱកាសដ៏ល្អ ដើម្បីបង្ហាញដល់សមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក វគំរូពិសេសក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលសម្រេចបានដោយ ព្រះរាជាណាចក្រកម្ពុជា៕