គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង OHCHR ពិគ្រោះយោបល់ជាមួយសហជីពស្តីពី សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) រៀបចំសិក្ខាសាលាពិគ្រោះ យោបល់ជាមួយសហជីពស្តីពី «សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា» ក្នុងគោលដៅប្រមូលធាតុចូល បន្ថែមពីខាងសហជីព និងភាគីពាក់ព័ន្ធនានា ដើម្បីធានាបាននូវតម្លាភាពនិងការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ក្រោមអធិបតីភាពលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក Pradeep Wagle តំណាង OHCHR ដោយការចូលរួមពីតំណាង សហភាពសហជីពនៅកម្ពុជាប្រមាណ ៣០ ប្រព្រឹត្តទៅនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
នាឱកាសនោះដែរលោក កែវ រ៉េមី បានឱ្យដឹងថា ការបង្កើតស្ថាប័ន គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា គឺជាកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងឆន្ទៈលើកស្ទួយសិទ្ធិមនុស្ស ហើយគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ដែលនឹងបង្កើតឡើងនេះ គឺជាស្ថាប័នជាតិឯករាជ្យ អព្យាក្រឹត្យ ក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស។
សេចក្តីព្រាងច្បាប់នេះ បានរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការសហការផ្ដល់ជាបច្ចេកទេស ពីការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងវេទិកាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Forum-APF) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី។ ច្បាប់នេះមាន៨ ជំពូក និង៣២ មាត្រា បង្កើតឡើងដើម្បីធានាការលើកតម្លៃសិទ្ធិមនុស្ស ដូចដែលអង្គការសហប្រជាជាតិ បានកំណត់ និងស្របតាមគោលការណ៍ទីក្រុងប៉ារីស។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស និងដើម្បីឱ្យការគោរព សិទ្ធិមនុស្សនៅកម្ពុជាកាន់ តែមានប្រសិទ្ធិភាព ទើបអនុញ្ញាតឱ្យ គ.ស.ម.ក.ធ្វើសេចក្តីព្រាងច្បាប់នេះឡើង។
លោក Pradeep Wagle បានថ្លែងថា ក្នុងនាមការិយាល័យឧត្តម ស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុលសិទ្ធិមនុស្សប្រចាំកម្ពុជា ខ្ញុំសូមបញ្ជាក់ឡើងវិញ អំពីឆន្ទៈរបស់ការិយាល័យរបស់ខ្ញុំ នៅក្នុងការគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារ និងលើកស្ទួយសិទ្ធិមនុស្ស សម្រាប់ប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំរួចរាល់កាលពីខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបានប្រកាសបើកឱ្យមានការផ្ដល់ នូវធាតុចូលពីសាធារណៈជន ទូទៅតាមរយៈហ្វេសហ៊ុកផេក និង Telegram Channel តាំងពីខែកក្កដា ឆ្នាំ២០២១ រហូតមក។ ទន្ទឹមនឹងនេះ ក៏មានការរៀបចំធ្វើកិច្ចពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ ហើយនេះគឺជាកិច្ចពិគ្រោះយោបល់លើកទី២ បន្ទាប់ពីការពិគ្រោះយោបល់លើកទី១ បានរៀបចំធ្វើឡើងជាមួយអង្គការសង្គមស៊ីវិល។
អង្គសិក្ខាសាលា បានពិភាក្សា ផ្តល់យោបល់ និងផ្តល់ធាតុចូលយ៉ាងសកម្មផុសផុល ចំពោះមាត្រា និងជំពួកនីមួយៗ ក្នុងស្មារតីសាមគ្គីភាព និងស្និទ្ធស្នាល៕