ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺជូន ប្រជាពលរដ្ឋឥតគិតថ្លៃ នៅខេត្តកែប
កែប ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ លោក ហ៊ុន ម៉ានី ចំនួន៤២៣ នាក់ ស្រី៣៦៩នាក់ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងខេត្តកែប
នៅថ្ងៃទី២៤ មករា ឆ្នាំ២០២២ នៅបរិវេណ សាលាអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ស្ថិតក្នុងភូមិកែប សង្តាត់កែប ក្រុងកែប ខេត្តកែប ក្រោមវត្តមាន លោក ឈឿន ប៊ុនណ្ណារ័ត រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាសមាជិកអចិន្ត្រៃយ៍ សហសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្ដម ទេព យុទ្ធី សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ៥ លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និង លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី រួមទាំង វេជ្ជបណ្ឌិតជំនាញៗ ក្រុមគ្រូពេទ្យ និងប្រជាលរដ្ឋមកព្យាបាលជំងឺជាច្រើននាក់។
លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បញ្ជាក់ថា ក្រុមគ្រូពេទ្យស្មគ្រចិត្ត លោក ហ៊ុន ម៉ានី បាននាំយកវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមាន បទពិសោធព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សា នៅក្រៅប្រទេស និងគ្រូពេទ្យទូទៅ មកពិគ្រោះនិងព្យាបាលជំងឺជូនបងប្អូនដោយឥតគិតថ្លៃ ក្នុងនោះ មានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះ វៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង រលាកថ្លេីម សន្លាក់ ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើសឈាម តម្រង នោម ពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះ។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ លោក សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជួយពិនិត្យ ព្យាបាល ជម្ងឺ ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ចំនួន១០០០ នាក់ ដែលលើកនេះជាលើកទី៣ហើយ ។ លោក ក៏បានថ្លែងកោតសរសើរ ចំពោះ អាជ្ញាធរ សមត្ថកិច្ចគ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និងសហការគ្នាយ៉ាងល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ជាហេតុធ្វើឲ្យការធ្វើសកម្មភាពពិនិត្យ ព្យាបាល របស់ក្រុមគ្រូពេទ្យបានប្រព្រឹត្តទៅដោយរលូន រហូតសម្រេចបាន នូវលទ្ធផលល្អប្រសើរ ដូចនេះ ។
លោក អភិបាលខេត្ត សំណូមពដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមអោយ បន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយក្រោយទៀត សំដៅលើកកំពស់សុខមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ឯកឧត្តមអភិបាលខេត្ត ចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ មិនអាចកាត់ថ្លៃបាន ក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្ប:ចែករំលែកដ៏ល្អប្រពៃ។
ថ្លែងបើក ពិធីពិនិត្យ និងព្យាបាលជំងឺ នាឱកាសនោះ លោក ឈឿន ប៊ុនណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបង្កើតឡើងជិត១០ឆ្នាំមកហើយ ដោយឈរលើបេសកកម្មមនុស្សធម៌ ពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពរដ្ឋ ដោយ ឥតគិតថ្លៃ នៅទូទាំង២៥រាជធានី-ខេត្ត ដោយពុំគិតពីនិន្នាការនយោបាយ មិនប្រកាន់បក្សពួក ពណ៌សម្បុរ ឬសាសនាឡើយ ទឹកចិត្ត និងបេសកកម្មមនុស្សធម៌នេះ ស្តែងឡើង ពីក្តីស្រឡាញ់ បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញខ្មែរ ខ្មែររួបរួមគ្នាតែមួយ។ ជាមួយគ្នានេះដែរ លោក រដ្ឋលេខាធិការ សំណូមពរបងប្អូន លោកតា លោកយាយ ដែលអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺ សូមមានការរក្សាគម្លាតអោយបានត្រឹមត្រូវតាមការណែនាំ និងសូមអោយក្រុមយុវជន សសយក ក៏ដូចជាយុវជនស្មគ្រចិត្តកាកបាទក្រហម ជួយសម្រួលជូន លោកតា លោកយាយ ចាស់ៗ ឱ្យពួកគាត់បានពិនិត្យ និងព្យាបាលជំងឺដោយរលូន និងប្រកបដោយសុវត្ថិភាព៕ សំរិត