ក្រុមហ៊ុន HUAWAI៖ បច្ចេកវិទ្យាគឺជួយជំរុញ ដល់កំណើនសេដ្ឋកិច្ចជាតិ និងផ្តលប្រាក់ខែខ្ពស់ ដល់បុគ្គលិក ដែលសុំអោយរាជរដ្ឋាភិបាលកម្ពុជាគាំទ្រ
ភ្នំពេញ៖ លោក Wu Weitao ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន HUAWAI ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើង ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាថា បច្ចេកវិទ្យាគឺជួយជំរុញ ដល់កំណើនសេដ្ឋកិច្ចជាតិ និងផ្តលប្រាក់ខែខ្ពស់ ដល់បុគ្គលិក ដែលសុំអោយរាជរដ្ឋាភិបាលគាំទ្រ ។
ការលើកឡើង របស់លោក Wu Weitao ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន HUAWAI ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បែបនេះ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជំនួបនេះ ត្រូវបានធ្វើឡើង នៅសណ្ឋាគារ លីយ័ន ទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ។
យោងតាម ទំព័រហ្វេសប៊ុកផេក សម្តេចតេជោ ហ៊ុន សែន បានដកស្រង់សម្តី របស់លោក វូ វ៉េតៅ (Wu weitao) ដោយបានមានប្រសាសន៍ ជំរាបជូនសម្តេចតេជោ អំពី ការសិក្សា គម្រោងមេ នៃប្រព័ន្ធព័ត៌មានវិទ្យា និងបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា ដែលគ្រោនឹងបញ្ចប់ ក្នុងពេលដ៏ខ្លីខាងមុខ ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាព សន្តិសុខអ៊ីនធើណែត (Internet security)។ ក្រុមហ៊ុន HUAWAI មានវត្តមាន ក្នុងប្រទេសកម្ពុជាអស់ រយៈពេល១៩ឆ្នាំមកហើយ ហើយក្រុមហ៊ុននេះ បានបណ្តុះបណ្តាល និងផ្តល់ការងារដល់បុគ្គលិកខ្មែរ ក្នុងស្រុកជាមួយពាន់នាក់ ដែលមានប្រាក់ខែ ចាប់ពី១ពាន់ដុល្លារឡើងទៅ។ ក្រុមហ៊ុន HUAWAI មានបំណងបន្តវិនិយោគលើបច្ចេកវិទ្យា នៅក្នុងកម្ពុជារយៈពេលវែង គឺរួមទាំងការរៀបចំ ខ្សែកាបអប់ទិក ក្រោមបាតសមុទ្រជាដើម។
“លោកបញ្ជាក់ថា បច្ចេកវិទ្យាគឺជួយជំរុញ ដល់កំណើនសេដ្ឋកិច្ចជាតិ និងផ្តលប្រាក់ខែខ្ពស់ ដល់បុគ្គលិក ដែលសុំអោយ រាជរដ្ឋាភិបាលគាំទ្រ” ការបញ្ជាក់របស់លោក Wu weitao ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន Huawai ដែលបានធ្វើការវិនិយោគ ក្នុងប្រទេសកម្ពុជា ព្រមទាំងបានជួយបណ្តុះបណ្ទាល ធនធានមនុស្ស អំពីជំនាញបច្ចេវិទ្យា ដែលកំពុងជួយដល់ប្រទេសជាតិ។ សម្តេចតេជោ គាំទ្រអំពីការវិនិយោគ លើផ្នែកបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនឹងនេះ គឺត្រូវមានវិធានការ គ្រប់គ្រងអោយបានល្អ ជាពិសេសការបង្ហោះ ព័ត៌មានមិនពិត ដែលបានប៉ះពាល់ដល់ប្រទេសជាតិ យ៉ាងធ្ងនធ្ងរ ហើយក៏ជាការព្រួយបារម្ភ របស់ពិភពលោកផងដែរ ។
យោងទៅតាម ទំព័រហ្វេសប៊ុកផេក សម្តេចតេជោ បន្តថា “ដោយមើលឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក អំពីគ្រោះទឹកជំនន់ ក្រុមហ៊ុនបានធ្វើអំណោយ ទឹកប្រាក់ ១០ម៉ឺនដុល្លារ ជូនសម្តេច ដើម្បីសកម្មភាពមនុស្សធម៍”៕