ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកទឹកចិត្ត ដល់និស្សិតអោយខិតខំសិក្សា គោរពច្បាប់ប្រទេស

84

នៅរសៀលថ្ងៃដដែលនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណា លជាមួយនិស្សិត កម្ពុជាចំនួន២២៩នាក់ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ ដែលកំពុងខិតខំយកចិត្តទុកដាក់ សិក្សានៅប្រទេសចិន ហើយបានឆ្លៀតយកពេលវេលា ដ៏មានតម្លៃទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ និស្សិតអោយខិតខំសិក្សា គោរពច្បាប់ប្រទេស។ កាលពីមុនកម្ពុជាមិនសូវសំបូរធនធានមនុស្សទេ គឺរាល់ពេលដែលសម្តេចតេជោ អញ្ជើញទៅបំពេញទស្សនៈកិច្ច នៅក្រៅប្រទេស គឺសម្តេចតែងតែស្នើសុំអាហារូបករណ៍ ដើម្បីផ្តល់ជូននិស្សិតកម្ពុជា បានចេញទៅសិក្សានៅបរទេស ទោះតិចក្តីឬច្រើនក្តី គឺដើម្បីយកចំណេះដឹង កសាងនិងអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោបានមានប្រសាសន៍អំពីនយោបាយឈ្នះ-ឈ្នះដែល សម្តេចបានដាក់ចេញ កាលពី២០ឆ្នាំមុន ដែលបាននាំមកនូវសុខសន្តិភាព។ មានសន្តិភាពទើបយើងមាន ឱកាសអភិវឌ្ឍប្រទេសជាតិបាន។ ថ្ងៃនេះទើបតែមានរយះពេល៤ថ្ងៃប៉ុណ្ណោះ ដែលរូបសម្តេច បានដឹកនាំគណះប្រតិភូជាន់ខ្ពស់ មកក្រៅប្រទេសជាលើកដំបូង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជូនក្មួយៗ និស្សិតទាំងអស់ អោយបានដឹងផងដែរថា សម្តេចបានអញ្ជើញមក កាន់ទីក្រុងណាននីងចំនួន១១លើករួចមកហើយ ស្របពេលនោះកម្ពុជាគឺជា ប្រទេសសម្របសម្រួលអាស៊ាន-ចិន កាលពីឆ្នាំ២០០៣ ក្រោមការដឹកនាំរបស់ លោក វ៉េន ជាវប៉ាវ អតីតនាយករដ្ឋមន្រ្តីចិន។ ជាពិសេសនៅពេលនេះ គឺមិត្តចិនបានចាត់ទុកកម្ពុជាជាប្រទេសកិត្តិយសនៃពិព័រណ៌ចិន-អាស៊ាន លើកទី១៥ឆ្នាំ២០១៨នេះផងដែរ។ សម្តេចតេជោ មានជំនឿជឿជាក់ និងសង្ឃឹមថា នៅពេលខាងមុខនឹងមាននិស្សិតកម្ពុជា កាន់តែច្រើនឡើងមកបំពេញ ការសិក្សាថ្នាក់អាហារូបករណ៍ នៅក្នុងប្រទេសចិន។ សម្តេចតេជោ ក៏បានអរគុណកូនក្មួយទាំងអស់ ដែលបានបោះឆ្នោតអោយ គណបក្សប្រជាជនកន្លងមកនេះ។ ដោយមើលឃើញអំពីកង្វះខាតជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់កូនក្មួយនិស្សិតអាហារូបករណ៍ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៥០០ដុល្លារដើម្បីទុកដោះស្រាយ តម្រូវការនានាក្នុង ពេលកំពុងសិក្សានៅក្នុងប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង