ស្ថាបនាផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ឆ្ពោះទៅភ្នំបូកគោ
ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានសម្របសម្រួល ជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងថា អ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយ ស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។
ការធ្វើផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានថ្លែងថា វេលាម៉ោង១០ព្រឹក ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ ប្រជុំរួចហើយថ្ពក់ដៃគ្នា ជាមួយលោកឧកញ៉ាសុខ គង់ យកតាមទំនៀមទម្លាប់ប្រពៃណីខ្មែរបូរាណ ក្រោមអធិបតីភាពឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដោយមានការអញ្ជើញចូលរួម ឯកឧត្តម គួច ចំរើន គណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីរាជការ ក្រោមឱវាទក្រសួងជាច្រើនរូបទៀតផង។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី មានសង្ឃឹមយ៉ាងមុតមាំថា ការថ្ពក់ដៃគ្នានេះ អាចនឹងកើតចេញជារូបរាងនូវផ្លូវចាក់ក្រាលកៅស៊ូAC មួយខ្សែរប្រវែង២៧គីឡូម៉ែត្រ តភ្ជាប់ពីរផ្លូវជាតិលេខ៤PK158+200 ឆ្លងកាត់តាមចម្ការដូងប្រេងឆ្ពោះទៅកាន់ភ្នំបូកគោ ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះជាក់ជាមិនខានឡើយ ៕