សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន លេីកទី១៤ ឆ្នាំ២០២២
ភ្នំពេញ៖ សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុនលេីកទី១៤ ឆ្នាំ២០២២ ដែលស្ថិតក្រោមការឧបត្ថម្ភរបស់អង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ-សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសក្រុង គីតាគ្យូស៊ុ(KOWBA) ប្រទេសជប៉ុន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ដោយមានកិច្ចសហការរៀបចំគាំទ្រ ពីក្រសួងសុខាភិបាលការងារ និងសុខមាលភាពនៃប្រទេសជប៉ុន (MHLW) និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ នៃប្រទេសជប៉ុន JICA ត្រូវបានប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងមន្ទីរ អង្គភាព សមាគម ស្ថាប័នពាក់ព័ន្ធជាច្រេីនរូបទៀត ។
បន្ទាប់ពីសន្ទរកថាស្វាគមន៍ពីលោក KANEO Akitoshi អគ្គនាយកអង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ លោក AZUMA Toshihiro ប្រធាននាយកដ្ឋានក្រសួងសុខាភិបាល ការងារ និងសុខមាលភាពនៃប្រទេសជប៉ុន និងមតិចាប់អារម្មណ៍របស់ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជារួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្ដែងនូវទឹកចិត្តរីករាយ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានសិក្ខាសាលានេះឡេីងជារៀងរាល់ឆ្នាំ ដែលមកដល់ពេលនេះ ជាសិក្ខាសាលាលេីកទី១៤ហេីយ បេីទោះជានៅមានវិបត្តិកូវីដ១៩ក៏ដោយ ។ នេះបានបង្ហាញនូវទំនាក់ទំនងដ៏ល្អរវាងកម្ពជា-ជប៉ុន និងជាពិសេសលេីវិស័យទឹកស្អាត ប្រជាជនកម្ពុជាតែងនឹកគុណដល់ប្រទេសជប៉ុន ដែលបានដេីរតួយ៉ាងសំខាន់លេីវិស័យទឹកស្អាតនៅកម្ពុជា ដូចសុភាសិតខ្មែរដែលថា បានផ្លែឈើ ហូប ត្រូវនឹកឃើញដល់អ្នកដាំដើមឈើ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជាពិសេសចំពោះវិស័យឯកជន របស់ជប៉ុនដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមសិក្ខាសាលានេះទាំងការចូលរួមដោយផ្ទាល់ និង តាមប្រព័ន្ធអនឡាញ ហើយបានចូលរួមធ្វើជាវាគ្មិនផងដែរ។ សិក្ខាសាលានេះ នឹងបង្ហាញអំពីវិស័យទឹកស្អាតរបស់ កម្ពុជា ស្ថានភាព បញ្ហាប្រឈម ការត្រៀមអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត និងស្ថានភាព ប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតទឹកនៅកម្ពុជា, ការសហការគាំទ្ររបស់ភាគីជប៉ុនដល់វិស័យទឹកស្អាតនៅកម្ពុជានិង ទំនាក់ទំនងរវាងការផ្គត់ផ្គង់ទឹកស្អាត សុខភាព សាធារណៈ និងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ខ្ញុំសូមអរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ វាគ្មិននៃប្រទេសជប៉ុនដែលនឹងចូលរួម ធ្វើបទ បង្ហាញ ចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យានានា ដល់អង្គសិក្ខា សាលា អំពីការងារដែលពាក់ព័ន្ធ នឹង ការគ្រប់គ្រងការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ ក៏ដូចជា ទិសដៅក្នុងការចូលរួម អភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ដែលនឹងរួមចំណែកការសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថា ៖ «ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន ៩០% នៅឆ្នាំ ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥ ដោយឈរលើ លក្ខខណ្ឌបួនយ៉ាងគឺ ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»។
ដើម្បីឆ្លើយតបទៅនឹង គោលនយោបាយនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការជំរុញការអភិវឌ្ឍន៍វិស័យទឹកស្អាត តាមរយៈ ការកសាងឯកសារបទដ្ឋានគតិយុត្តិ,ការវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត, ការពង្រឹងស្ថាប័នរបស់អង្គភាពរដ្ឋាករទឹកសាធារណៈ រួមមាន៖ ការចុះពិនិត្យវឌ្ឍនភាព និងការជំរុញអង្គភាពរដ្ឋាករទឹកសាធា រណៈឱ្យទៅជាអង្គភាពស្វយ័ត, ការលើកទឹកចិត្ត និងពន្លឿនការ ចេញប្រកាសអនុញ្ញាតជូនប្រតិបត្តិករទឹកស្អាតឯកជន ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាត, ការពង្រឹងសមត្ថភាពធនធានមនុស្សសម្រាប់វិស័យ, ការកសាងឧបករណ៍នានាសម្រាប់គាំទ្រដល់ការដឹកនាំវិស័យ និងការកៀរគរហិរញ្ញប្បទានសម្រាប់វិស័យ ជាដើម សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះដែរ ក៏មានពិធីចុះហត្ថលេខាលេីរបាយការណ៍សកម្មភាពនិងសមិទ្ធផលការងាររយ:ពេល២ឆ្នាំក្រោមអនុស្សារណ:យោគយល់គ្នា រវាងឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ លោក ARITA Hitoshi អនុប្រធានសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសក្រុង គីតាគ្យូស៊ុ(KOWBA) ពីប្រទេសកម្ពុជា និងជាមួយលោកKANEO Akitoshi អគ្គនាយកអង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ ពីប្រទេសជប៉ុន ហេីយសិក្ខាសាលានេះទៀតសោត ត្រូវបានដឹកនាំបន្តដោយឯកឧត្តមរដ្ឋលេខាធិការ អ៊ុំ សុថា តំណាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រហូតដល់បិទអង្គសិក្ខាសាលា នៅព្រឹកថ្ងៃទី២៨ ខែ ឆ្នាំដដែល ៕