ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខែសីហា ពន្ធដារ ប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិ ជាង១៤០លានដុល្លារ

192

ភ្នំពេញ៖ នៅខែសីហា ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ បង់ចូលថវិកាជាតិ ចំនួន៥៨៧,៦៣ប៊ីលានរៀល ស្មើនឹងប្រមាណជា ១៤៦,៩១លានដុល្លារអាមេរិក ស្នើនឹង៧,៦៤ភាគរយ នៃផែនការឆ្នាំ២០១៨។ ប្រសិនបើធៀបនឹងចំណូលខែសីហា ឆ្នាំ២០១៧ ការប្រមូលពន្ធអាករគ្រប់ប្រភេទ កើនឡើង ៧៤,២៧ប៊ីលានរៀល ប្រមាណ១៨,៥៧លានដុល្លារ ។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារនៅល្ងាចថ្ងៃទី១០ ខែកញ្ញានេះ បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបានចំនួន ៦.០១៣,២០ប៊ីលានរៀល (ប្រមាណជា១.៥០៣,២៩ លានដុល្លារអាមេរិក) ស្មើនឹង៧៨,១៥ភាគរយ នៃផែនការច្បាប់កំណត់។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៧ ឃើញថា ការប្រមូលពន្ធ-អាករគ្រប់ប្រភេទ (តាមប្រព័ន្ធអនឡាញ) ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៨ កើនឡើង ចំនួន៦៧១,៨៩ប៊ីលានរៀល (ប្រមាណ១៦៨លានដុល្លារអាមេរិក) កំណើនស្មើនឹង១២,៥៨ភាគរយ។ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ចំណូលពន្ធអាករ គ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ អាចប្រមូលបានគ្រប់ផែនការកំណត់ដោយច្បាប់។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែសីហា ឆ្នាំ២០១៨ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមា នូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អ ក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង