ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា បញ្ជូនទ័ពមួកខៀវ ១៨៤នាក់ប្រទេសលីបង់

38

ភ្នំពេញ៖ កម្លាំងវិស្វកម្មពហុជំនាញ មានអមដោយកងបោសសំអាតមីន នៃទ័ពមួកខៀវកម្ពុជា ចំនួន១៨៤នាក់ ក្នុងនោះមានកម្លាំងនារី២៩នាក់ ត្រូវបានបញ្ជូនទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ ដើម្បីប្តូរវេនកម្លាំងចាស់ ត្រូវបញ្ចប់បេសកកម្មរយ:ពេល១ឆ្នាំ។

កងទ័ពមួកខៀវទៅចូលរួមបំពេញបេសកកម្មនៅប្រទេសលីបង់នេះ គឺបំពេញការងារសាងសង់បន្ទាយស្នាក់នៅសម្រាប់ទ័ពមួកខៀវពីបណ្តាប្រទេសផ្សេងៗ សាងសង់បង្គោលខៀវ នៅតាមបន្ទាត់ព្រំដែនលីបង់និងអ៉ីស្រាអែល និងបន្តការងារបោសសំអាតមីន ដែលកំពុងតែមមាញឹករាល់ថ្ងៃ។

នេះជាការបញ្ជាក់ពី លោក នាយឧត្តម សេនីយ៍ សែម សុវណ្ណនី អនុ ប្រធានគណ:កម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងពិធីជូនដំណើរទ័ពមួកខៀវកម្ពុជា នៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចទី២ ខែកុម្ភៈ ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍ ថ្លែងថា រយៈពេល១៦ឆ្នាំនេះ គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជូនកងកម្លាំងសរុបចំនួន ៨០៨៣នាក់ ក្នុងនោះមាននារីចំនួន៥៤២នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន ដោយទទួលបានស្នាដៃដ៏ត្រចះត្រចង់។

កម្លាំងមួកខៀវកម្ពុជា ដែលត្រៀម ចេញទៅបេសកកម្មនេះ គឺជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តបង្កើនការចូលរួម ទាំងបរិមាណនិងគុណភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយកម្លាំងទាំងនេះបានទទួលការហ្វឹកហ្វឺនស្របតាមការកែទម្រង់ថ្មីរបស់អង្គការសហប្រជាជាតិ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង