ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងស្ថានីយប្រេងឥន្ធនៈអំពីការរៀបចំឧបករណ៍សម្ភារបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station)

79

 

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តី ការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយតំណាង ស្ថានីយប្រេងប្រេងឥន្ធនៈប្រចាំកម្ពុជាអំពីការរៀបចំឧបករណ៍សម្ភារបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗ ប្រចាំកម្ពុជាចំនួនប្រាំរួមមាន៖ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី ផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីរិះរកវិធី និងរបៀបរបបបំពេញការងាររវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយនឹងស្ថានីយប្រេងឥន្ធនៈនានានៅកម្ពុជាទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្ត អគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់ យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាព នៃការជំរុញការប្រើប្រាស់យានយន្ត EVs គម្រោងកិច្ចសហប្រតិបត្តិការ រវាងក្រសួងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទាក់ទងនឹងការដំឡើង ស្ថានីយសាកថ្មយានយន្ត EVs ការរៀបចំផែនការមេសម្រាប់ គាំទ្រដល់ការប្រើប្រាស់យានយន្ត EVs ក្រោមការគាំទ្រពី UNDP និងការផ្ដល់ជូនម៉ូតូដើរដោយថាមពលអគ្គិសនីចំនួន៣០គ្រឿង ដើម្បីធ្វើការសាកល្បងផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីគម្រោង ដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅតាមផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុចំនួនពីរកន្លែង និងនៅតាមបណ្ដាញផ្លូវជាតិ សំខាន់ៗផងដែរដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ និងគម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅក្នុងរាជធានីចំនួន១០ទីតាំង ដោយសហការជាមួយវិនិយោគិន ដែលមានសក្កានុពល និងបានបន្ថែមទៀតថា៖ ក្រសួងកំពុងពិចារណា លើការស្នើឱ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន ម្ហូបអាហារដូចជា៖ Food Panda ,NHAM24 និង E-Gets ពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ម៉ូតូ ដើរដោយថាមពលអគ្គិសនី ជំនួសម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពី ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងទិសដៅឆ្ពោះទៅកាន់ការសម្រេចបាននូវការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីឱ្យនៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងបានដាក់ជូនផែនការមេ ស្តីពីការប្រើប្រាស់យានយន្តអគ្គិសនី ទៅអង្គការសហប្រជាជាតិ ដោយកំណត់ឱ្យមានការប្រើប្រាស់ រថយន្តដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៤០% និងម៉ូតូដើរដោយថាមពលអគ្គិសនី ក្នុងអត្រា ៣០%។

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមហ៊ុនបានសម្ដែងការគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួង និងខិតខំធ្វើការងារជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងការពិនិត្យលទ្ធភាព ដំឡើងឧបករណ៍សាកថ្មយានយន្ត EVs នៅតាមបណ្តាទីតាំងស្ថានីយនានារបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង