ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេញ៥ ឆ្នាំ តំបន់ទេសចរណ៍សត្វស្លាប ត្មាតប៉ើយធឿនក្រសាំង រកចំណូលបានជិត៣០ ម៉ឺន ដុល្លារ នៅព្រះវិហារ

62

ភ្នំពេញ៖ ក្នុងកិច្ចសហការ រវាងសមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា និង សហគមន៍ទេសចរណ៍ធម្មជាតិ ត្មាតប៉ើយធឿនក្រសាំង ដែលស្ថិតក្នុងខេត្តព្រះវិហារ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជាបាននាំភ្ញៀវទេសចរណ៍ជាង ៥០០ នាក់ ទៅទស្សនានៅតំបន់នោះ និងបាននាំមកនូវចំណូលជាច្រើនដល់សហគមន៍។នេះបើតាមការឱ្យដឹងពី សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា នៅថ្ងៃទី ០៤ ខែកុម្ភ: ឆ្នាំ២០២២ នេះ។

តាមការបញ្ជាក់ឲ្យដឹងពីសមាគមថា៖ សហគមន៍ទេសចរណ៍ធម្មជាតិ ត្មាតប៉ើយធឿនក្រសាំងតែមួយអាច ទទួលបានចំណូលសេវាកម្មទេសចរណ៍ចំនួន ២៨ ០៦៨,៧៥ ដុល្លារ និង វិភាគទានអភិវឌ្ឍន៍សហគមន៍ចំនួន ១៩ ៣៩០ ដុល្លារ និងជំនួយមូលនិធិជាច្រើនទៀតដែល បានប្រើប្រាស់សម្រាប់កិច្ចការអភិរក្ស កសាង ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសេវាកម្មទេសចរណ៍ជាដើម។

ម៉្យាងវិញទៀតដោយមានការជួយជ្រោមជ្រែងពី សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា ដែលតែងតែផ្សព្វផ្សាយអំពីសក្តានុពលនៃ តំបន់ត្មាតប៉ើយ ក៏ដូចជា សហគមន៍ត្មាតប៉ើយធឿនក្រសាំង លើឆាកអន្តរជាតិ តាំងពី ឆ្នាំ២០១៦ ដោយមានជួយជ្រោមជ្រែងពីក្រុមការងាររបស់សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា ត្មាតប៉ើយធឿនក្រសាំង ទទួលបានចំណាត់ថ្នាក់លេខ ២ ប្រចាំឆ្នាំ២០១៩ សម្រាប់គោលដៅទេសចរណ៍ធម្មជាតិ ពីស្ថាប័ន Green Destination។ ប៉ុន្តែដោយ សារវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះយ៉ាងខ្លាំងដែលនាំឱ្យសហគមន៍ និង ប្រជាសហគមន៍បានបាត់បង់ប្រាក់ចំណូលជាច្រើននាពេលកន្លងមក។

ប្រការនេះធ្វើឱ្យ សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា បានប្រកាសផ្សព្វផ្សាយ និង លើកទឹកចិត្តដល់ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមគាំទ្រសកម្មភាពទេសចរណ៍រសបស់សហគមន៍ត្មាតប៉ើយ តាមរយៈការទៅទស្សនាផ្ទាល់នៅទីនោះ ក៏ដូចជាការផ្តល់ជំនួយនានាសម្រាប់ការលើកកម្ពស់ជីវភាពសហគមន៍ កិច្ចការអភិរក្ស និងការកែលម្អហេដ្ឋារចនាសម្ព័ន្អទេសចរណ៍ នៅតំបន់នោះបន្ថែមទៀត ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង