ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ

40

 

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអនុម័តទាំងស្រុងហើយលើសេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ»។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ត្រូវបានរៀបចំឡើងដោយផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងអនុលោមតាមមូលដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅក្នុងព្រះជាណាចក្រកម្ពុជា ព្រមទាំងកិច្ចព្រៀង និងអនុសញ្ញាក្នុងតំបន់ និងអន្តរជាតិ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីឆ្លើយតបទៅនឹងនិន្នាការរីកចម្រើនរបស់វិស័យកសិកម្មក្នុងក្របខណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផលកសិកម្ម ការបង្កើនការនាំចេញកសិផល និងធានាចីរភាពអភិវឌ្ឍន៍ក្នុងបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចពិភពលោក ប្រកបដោយការប្រកួតប្រជែងដ៏ស្រួចស្រាវ។

លោក ផៃ ស៊ីផាន បានឱ្យដឹងទៀតថា សេចក្តីព្រាងច្បាប់នេះ កំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធានការភូតគាមអនាម័យ ការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្ក ការរាលដាលឆ្លងនិងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀងអនាម័យគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិ ផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ការសម្រួលការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលដំណាំ រុក្ខជាតិ និងផលិតផលរុក្ខជាតិ ព្រមទាំងការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិនិងការលើកកម្ពស់សុខុមាលភាពនិងសុខភាពសាធារណៈប្រកប ដោយនិរន្តរភាពធនធានធម្មជាតិ និងប្រព័ន្ធក្សេត្របរិស្ថាន ដើម្បីធានាការគ្រប់គ្រង ការការពាររុក្ខជាតិ និងភូតគាមអនាម័យនៅក្នុងប្រទេសកម្ពុជា។

បើតាមលោក ផៃ ស៊ីផាន សេចក្តីព្រាងច្បាប់នេះនឹងរួមចំណែកផ្តល់នូវសារៈប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្មដូចខាងក្រោម៖

* ការពារផលប្រយោជន៍របស់ប្រជាកសិករ តាមរយៈការគ្រប់គ្រង ការការពាររុក្ខជាតិ និងការអនុវត្តវិធានការភូតគាមអនាម័យ ដើម្បីកាត់បន្ថយការខាតបង់ដែលអាចបង្កឡើងដោយសមាសភាពចង្រៃចំពោះធនធានរុក្ខជាតិ និងផលិតផលដំណាំនៅក្នុងប្រព័ន្ធផលិតកម្មកសិកម្ម
* គាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាកសិករ
* ផ្តល់នូវឧបករណ៍បទដ្ឋានគតិយុត្តិដ៏រឹងមាំ និងយន្តការគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តវិធានការការពាររុក្ខជាតិនិងភូតគាមអនាម័យ ដើម្បីទប់ស្កាត់ការបង្ក ការរាលដាលឆ្លង និងការរាតត្បាតបំផ្លាញពីសំណាក់សមាសភាពចង្រៃគ្រប់ប្រភេទ
* ផ្តល់នូវវិធានការច្បាស់លាស់ក្នុងការការពារធនធានរុក្ខជាតិ គ្រប់គ្រងសុខភាពរុក្ខជាតិ លើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មប្រកបដោយភាតរបរិស្ថាននិងនិរន្តរភាព ដើម្បីរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងធ្វើឱ្យមាននិរន្តរភាពធនធានធម្មជាតិ និងប្រព័ន្ធក្សេត្របរិស្ថាន
* រក្សាអធិបតេយ្យភាព និងសន្តិសុខភូតគាមអនាម័យតាមរយៈការទប់ស្កាត់ការហូរចូលផលិតផលកសិកម្មគ្រប់ប្រភេទដែលមានផ្ទុកនូវសមាសភាពចង្រៃ និងសារធាតុបង្កផលប៉ះពាល់ចំពោះសុខភាព (សំណល់ថ្នាំកសិកម្ម សារធាតុគីមី សំណល់ជីវសាស្រ្ត និងលោហៈធ្ងន់)។ ជាពិសេសទប់ស្កាត់ការនាំចូល ឬការផ្ទុះឡើងនូវប្រភេទសមាសភាពចង្រៃរាតត្បាតឈ្លានពាន ដែលបង្កមហន្តរាយដល់ដំណាំកសិកម្ម បំផ្លាញជីវចម្រុះ និងបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងការផ្ទុះឡើងនូវសមាសភាពចង្រៃដូចជា ខ្យងមាស ខ្នងដូង ជំងឺស្លឹកប្រាក់លើដំណាំក្រូច ឆៃផ្កាឈូកលើដំណាំដំឡូងមី ជំងឺស្រពោនលឿងស្លឹកលើដំណាំដំឡូងមី និងដង្កូវហ្វូងប្រភេទថ្មីលើដំណាំពោតជាដើម ពិតជាបានបង្កឱ្យមានផលប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងសេដ្ឋកិច្ចជាតិគួរឱ្យកត់សម្គាល់ ដែលបណ្តាលមកពីការរាតត្បាតសមាសភាពចង្រៃខាងលើនេះ
* បំពេញបាននូវលក្ខខណ្ឌតម្រូវ និងស្តង់ដារភូតគាមអនាម័យ ដោយមានសង្គតិភាពនឹងអនុសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ អង្គការពាណិជ្ជកម្មពិភពលោក ក្របខ័ណ្ឌអាស៊ានជាដើម និងការពារបានជាដាច់ខាតពីការចាត់ទុកព្រះរាជាណាចក្រកម្ពុជាពីសហគមន៍អន្តរជាតិថាជាជម្រកឬសម្បុកសមាសភាពចង្រៃលើដំណាំគ្រប់ប្រភេទ ដែលមិនអនុញ្ញាតឱ្យផលិតផលមានដើមកំណើតពីរុក្ខជាតិពីព្រះរាជាណាចក្រកម្ពុជាចូលទីផ្សារក្នុងដែនដីប្រទេសរបស់ពួកគេ
* ផ្តល់នូវជំនឿចិត្តជាមួយប្រទេសដៃគូពាណិជ្ជកម្ម និងកម្លាំងពេញលេញក្នុងការចរចាបើកទីផ្សារនាំចេញកសិផលកម្ពុជាជាមួយបណ្តាប្រទេសដែលមានទីផ្សារធំៗក្នុងពិភពលោក ជាពិសេសបន្ទាប់ពីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី និងជួយសម្រួលការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវទំនិញជារុក្ខជាតិ និងផលិតផលរុក្ខជាតិនានា៕

អត្ថបទដែលជាប់ទាក់ទង