ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនរងគ្រោះដោយសេពគ្រឿងញៀន សុទ្ធតែជាអ្នកមានឱកាស ដើម្បីអភិវឌ្ឍន៍ខ្លួនឯង សង្គមគ្រួសារនិងសង្គមជាតិ

149

 

ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាល​រងរាជធានី​ភ្នំពេញ បានមានប្រសាសន៍លើកឡើងថា បងប្អូនរងគ្រោះដោយសេពគ្រឿងញៀន គឺសុទ្ធតែជាអ្នកមានឱកាស ដើម្បីអភិវឌ្ឍន៍ខ្លួនឯង សង្គមគ្រួសារនិងសង្គមជាតិ ។

   ការលើកឡើងបែបនេះរបស់លោក នួន ផារ័ត្ន បានធ្វើឡើង កាលពីព្រឹកថ្ងៃ​អង្គារ ០២​កើត ខែភទ្របទ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​ ក្នុងពិធីបើកសម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​មណ្ឌល​សុខភាព​ឱកាស​ខ្ញុំ ចំនួន​០១​ខ្នង ១១​បន្ទប់ ស្ថិតនៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែលជា​អំណោយរបស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

  លោក នួន ផារ័ត្ន បានលើកឡើងថា ក្នុងរបបប៉ុលពត បានធ្វើអោយប្រទេសជាតិធ្លាក់ដល់ចំណុចសូន្យ មិនមានអ្វីទាំងអស់ ក្នុងនោះធនធានមនុស្សក៏ត្រូវសម្លាប់ចោលអស់ផងដែរ ។ ក្រោយឆ្នាំ១៩៧៩ប្រទេសកម្ពុជាបានកសាងប្រទេសឡើងវិញទាំងមិនមានអ្វីទាំងអស់។ ប៉ុន្តែក្រោយការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ បាននាំអោយប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ។ទន្ទឹមនៃការអភិវឌ្ឍនេះប្រទេសកម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាបញ្ហាកកស្ទះចរាចរ និងបញ្ហាគ្រឿងញៀនជាដើម។ បញ្ហាគ្រឿងញៀនវាបានធ្វើអោយស្រទាប់យុវជនរបស់យើងមួយចំនួនបានលង់ខ្លូនជាអ្នកសេពគ្រឿងញៀន ដែលជាបញ្ហាប្រឈមមួយដែលសង្គមជាតិរបស់យើងត្រូវតែដោះស្រាយជាបន្ទាន់។ 

    លោក នួន ផារ័ត្ន បានបញ្ជាក់ថា អ្នកញៀនគ្រឿងញៀន ប្រៀបបាននឹងច្រេះស៊ីដែកបាតកប៉ាល់ទឹកអញ្ចឹងដែរ ពោលគឺបើយើងមិនមានវិធានការទេ ច្រេះនោះនឹងស៊ីដែកបាតកប៉ាល

បណ្តាលអោយលិចលង់កប៉ាល់មិនខានឡើយ។យ៉ាងណាម៉ិញអ្នកញៀនគ្រឿងញៀនក៏មិនខុសពីបញ្ហានេះដែរ បើយើងមិនរួមគ្នាដោះស្រាយទេ នោះសង្គមយើង នឹងមានបញ្ងាប្រឈមហើយ មិនអាចអភិវឌ្ឍប្រទេសអោយរីកចំរើនបានទេ ។ លោកបន្តថា បងប្អូនរងគ្រោះដោយសេពគ្រឿងញៀន គឺសុទ្ធតែជាអ្នកមានឱកាស ដើម្បីអភិវឌ្ឍន៍ខ្លួនឯង សង្គមគ្រួសារនិងសង្គមជាតិ សំខាន់លើការតាំងចិត្តរបស់ខ្លួនឯង ។លោកថា នៅប្រទេសដែលមានការអភិវឌ្ឍនៅលោកខាងលិច អ្នកញៀនគ្រឿងញៀន មួយចំនួនបានប្រែ ក្លាយខ្លួនទៅជាមនុស្សដែលល្បីល្បាញ និងមានប្រយោជន៍នៅក្នុងសង្គម ។ដូច្នេះ លោកនួន ផារ័ត្នសូមអោយបងប្អូន ដែលញៀនគ្រឿងញៀន ទាំងអស់ប្រឹងប្រែង ដើម្បីបន្សាបគ្រឿងញៀនអោយបាន ដើម្បីបានទៅធ្វើការងារបំរើផលប្រយោជន៍អោយសង្គមជាតិរបស់យើង។

   លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលឳកាសខ្ញុំ បានមានប្រសាសន៍ថា គិតមកដល់ត្រឹមថ្ងៃទី១០ ខែកញ្ញានេះ មានយុវជនបានប្រើប្រាស់គ្រឿងញៀន កំពុងធ្វើការបន្សាបនៅក្នុងមណ្ឌលសុខភាពឳកាសខ្ញុំមានចំនួន១៩៦៣នាក់ ក្នុងនោះមានស្រីចំនួន១៣៣នាក់”។    

      លោកស្រីបញ្ជាក់ថា កន្លងមកនេះយើងបានព្យាបាលបន្សាបដល់អ្នកញៀនគ្រឿងញៀនចំនួន៥៨៦៥នាក់ ក្នុងនោះមានស្រីចំនួន៣៦២នាក់ ដោយអោយពួកគាត់បានវិលត្រឡប់ទៅផ្ទះវិញ ជាមួយនិងសុខភាពល្អប្រសើរ ហើយបច្ចុប្បន្ននេះនៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំមានអ្នកញៀនគ្រឿងញៀនកំពុងបន្សាបចំនួន១៩៦៣នាក់ ស្រី១៣៣នាក់ ដោយគិតត្រឹមថ្ងៃ១០ កញ្ញា២០១៨នេះ។

   លោកស្រីបន្តថា ដោយការ​យក​ចិត្ត​ទុក​ដាក់ គិតគូរ​ខ្ពស់ ដល់បងប្អូន​ដែល​កំពុងរងគ្រោះ​ដោយ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​ដោយ​ពិនិត្យ​ឃើញថា មណ្ឌល​សុខភាព ជា​តម្រូវ​ការ​ចាំបាច់ ដែល​អាច​ធានាដល់ការ​ព្យាបាល​ប្រកប​ដោយ​គុណភាព​ខ្ពស់ ដល់​ជន​រង​គ្រោះ ដែល​កំពុងទទួល​សេវា​ព្យាបាល និង​ស្ដារ​នីតិសម្បទា​នៅ​ក្នុង​មជ្ឈមណ្ឌល​ឱកាសខ្ញុំ រដ្ឋបាល​រាជធានីភ្នំពេញ បាន​ផ្ដល់​ការសាង​សង់​អគា​រ​មណ្ឌលសុខភាព​ឱកាសខ្ញុំ ចំនួន០១​ខ្នង ០១ជាន់ ចំនួន ១១បន្ទប់ ដោយចាប់ផ្តើមសាងសង់កាលពីថ្ងៃ២១ កុម្ភៈ ឆ្នាំ២០១៧ និងបានស្ថាបនារួចរាល់នៅថ្ងៃ២៥ មករាឆ្នាំ២០១៨ និងបានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង