រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពាវនាវដល់អតិថិជន នៅភ្នំពេញ និងក្រុងតាខ្មៅ ជួយសន្សំសំចៃទឹកស្អាត
ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំ២០២២ ដោយបានអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដោយអនុវត្តនូវគោលការណ៍ ១១ ចំណុច ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុងដែលមានសម្ពាធទឹកខ្សោយ។
បច្ចុប្បន្នកំណើននៃសកម្មភាពសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនខ្ពស់ លើសពីសមត្ថភាពផលិត។ ដោយពិនិត្យឃើញថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដោយអនុវត្តនូវគោលការណ៍១១ចំណុច ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុងដែលមានសម្ពាធទឹកខ្សោយ។
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានកែលម្អ និង សាងសង់រោងចក្រផលិតទឹកស្អាត និងពង្រីកបណ្តាញចែកចាយថ្មីជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវការផ្គត់ផ្គង់ ទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាល។
បច្ចុប្បន្ននេះ រ.ទ.ស.ភ មានរោងចក្រផលិតទឹកស្អាតសរុបចំនួន ៤ទីតាំង និងផលិតទឹកស្អាតបានជា មធ្យម ៦សែនម”/ថ្ងៃ។ ក៏ប៉ុន្តែជាក់ស្តែង ដោយសារកំណើននៃសកម្មភាពសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ ធ្វើឱ្យតម្រូវការ ទឹកស្អាតបានកើនឡើងខ្ពស់ ជាងសមត្ថភាពផលិត ពោលគឺតម្រូវការជាក់ស្ដែងប្រមាណជា ៨សែនម”/ថ្ងៃ ដែលធ្វើឱ្យមានកង្វះទឹកស្អាត សម្រាប់ចែកចាយ ក្នុងម៉ោងមានតម្រូវការទឹកខ្ពស់ ជាពិសេសខ្វះទឹកនៅតំបន់ ជាយរាជធានីភ្នំពេញ និងជាយក្រុងតាខ្មៅ។
ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រ.ទ.ស.ភ កំពុងសាងសង់រោងចក្រផលិតទឹកស្អាតថ្មី មួយទៀតនៅបាក់ខែង ដែលអាចផលិតទឹកស្អាតបានបន្ថែមប្រមាណ ៤សែនម”/ថ្ងៃ ចាប់ពីដើមឆ្នាំ២០២៣ តទៅ បន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់ ៦សែនម”/ថ្ងៃ។ សរុបមក ចាប់ពីឆ្នាំ២០២៣ តទៅ រ.ទ.ស.ភ មានសមត្ថភាពអាចផលិតទឹកស្អាតបាន ១លានម”/ថ្ងៃ ដើម្បីបិទបញ្ចប់បញ្ហាខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល៧ឆ្នាំកន្លងមក(២០១៦-២០២៣)។
ដោយពិនិត្យឃើញថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ រ.ទ.ស.ភ សូមអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុង និងសូមមេត្តាចូលរួមផ្ដល់ព័ត៌មាន ឬសាកសួរអំពីកង្វះទឹកស្អាតមកកាន់ រ.ទ.ស.ភ៕