ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់ស្រុតច្រាំងទន្លេ នៅស្រុកត្បូងឃ្មុំ ប៉ះពាល់ពលរដ្ឋ២១គ្រួសារ, អភិបាលខេត្ត ចាត់ក្រុមការងារចុះជួយអន្ដរាគមន៍ និងយកអំណោយជូនអ្នករងគ្រោះ

37

 

ត្បូងឃ្មុំ៖ រយៈពេលប៉ុន្មានថ្ងៃនេះ ច្រាំងទន្លេតាមបណ្តោយដងទន្លេមេគង្គ ត្រង់ចំណុចភូមិទួលគ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចាប់ផ្តើមស្រុតជាបណ្តើរៗ ដែលបណ្តាលឲ្យប៉ះពាល់លំនៅដ្ឋានពលរដ្ឋ២១គ្រួសារ។ ពលរដ្ឋដែលរងគ្រោះធម្មជាតិមួយនេះ បានសំណូមពរដល់អាជ្ញាធរស្រុក និងថ្នាក់ខេត្ត ជួយជាកម្លាំងដើម្បីរុះរើ និងជួយរកទីសុវត្ថិភាពសម្រាប់ពួកគាត់ផ្ទេរលំនៅដ្ឋាន។

ក្រោយទទួលដំណឹងភ្លាមនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិកា សាខាកាកបាទក្រហមខេត្ត បានចាត់ឲ្យមន្ត្រីជំនាញ នាំយកអំណោយមនុស្ស ធម៌សាខាកាកបាទក្រហមខេត្ត រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ី១យួរ, ត្រីខ១០កំប៉ុង, ប្រេងឆា១ដប និងថវិកាមួយចំនួន ទៅផ្តល់ជូនគ្រួសាររងផលប៉ះពាល់ទាំង២១ខ្នងផ្ទះ ក៏ដូចជាសំណេះសំណាលផ្តល់ភាពកក់ក្តៅ និងត្រៀមកម្លាំងរុះរើផ្ទះ ក៏ដូចជាសាងសង់ផ្ទះឡើងវិញ។

ក្នុងឱកាសនោះ លោក រស់ សុខន នាយករងសាខាកាកបាទក្រហមខេត្ត និងលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ និងជាប្រធានអនុសាខាកាកបាទស្រុក បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាក ទទួលរងគ្រោះមហន្តរាយនានា ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

បន្ថែមពីនោះ លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានជម្រាបជូនពលរដ្ឋរងផលប៉ះពាល់ទាំង២១គ្រួសារថា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានត្រៀមរួចរាល់ហើយនូវកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដែលមានកងកម្លាំងទាំង០៣ និងអាជ្ញាធរស្រុក ដើម្បីជួយរុះរើផ្ទះសម្បែង និងសាងសង់ផ្ទះជូនពលរដ្ឋឡើងវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង