ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្សឹកព្រះសង្ឃមួយអង្គ ក្រោយបែកធ្លាយរឿងរួមភេទជាមួយអនីតិជន រហូតមានផ្ទៃពោះ

126

 

ព្រះវិហារ៖ ព្រះសង្ឃមួយអង្គគង់នៅវត្តមួយនៃខេត្តកំពង់ធំ ត្រូវបានអនុគណស្រុកសង្គមថ្មី ខេត្តព្រះវិហារ ចាប់ផ្សឹករួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់ ក្រោយបែកធ្លាយរឿងលួងលោមក្មេងស្រីអនីតិជនម្នាក់ រួមភេទរហូតមានផ្ទៃពោះ។

លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្សអមអយ្យការសាលាដំបូងខេត្តព្រះវិហារ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះថា នៅថ្ងៃម្សិលមិញនេះ លោកបានដឹកនាំនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ (ជាព្រះសង្ឃ) ក្រោយអនុគណស្រុកសង្គមថ្មីចាប់ផ្សឹក ពាក់ព័ន្ធនឹងករណីលួងលោមក្មេងស្រីជាអនីតិជនម្នាក់រួមភេទរហូតមានផ្ទៃពោះ។

លោក វុធ សាវី បានថ្លែងឲ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ យុន សុខេត អាយុ២១ឆ្នាំ រស់នៅភូមិតាសែងជើង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ផ.ស.ក អាយុ ១៤ឆ្នាំ។

លោកថា ករណីនេះបានកើតឡើងតាំងពីខែមេសា ឆ្នាំ២០២១មកម្ល៉េះ ហើយការបែកធ្លាយករណីនេះ គឺបន្ទាប់ពីក្មេងស្រីរងគ្រោះមានអាការៈមិនស្រួលខ្លួន។ លុះក្រុមគ្រួសារយកទៅពិនិត្យអេកូទើបដឹងថា មានផ្ទៃពោះ ចំណែកជនសង្ស័យក៏បានសារភាព និងបានបង្ហាញទីតាំងជាច្រើនកន្លែងដល់សមត្ថកិច្ច ដែលខ្លួន និងក្មេងស្រីរងគ្រោះបានរួមភេទជាមួយគ្នា។

បើតាមសង្ឃដីការបស់ព្រះសង្ឃមួយអង្គ បានប្រាប់ឲ្យដឹងផងដែរថា ព្រះសង្ឃមួយអង្គនេះ បានបួសនៅវត្តមួយក្នុងស្រុកសង្គមថ្មី ជាច្រើនលើកហើយ បានន័យថាបួសសឹកៗ។ បន្ទាប់ពីបួសលើកចុងក្រោយ ឃើញសកម្មភាពមិនប្រក្រតី ពិសេសតាមរយៈការប្រើប្រាស់ហ្វេសប៊ុក ព្រះគ្រូចៅអធិការវត្តមិនឲ្យគង់នៅក្នុងវត្តនេះទៀតទេ ចាប់ពីខែកក្កដា ឆ្នាំ២០២១ម្លេះ ហើយលោកក៏បាននិមន្តទៅគង់នៅវត្តមួយក្នុងខេត្តកំពង់ធំ។

ប៉ុន្តែបើទោះបីលោកគង់នៅខេត្តកំពង់ធំក៏ដោយ ក៏លោកឧស្សាហ៍និមន្តមកលេងផ្ទះជាញឹកញាប់ និងចេញចូលវត្តលោកធម្មតា លុះបែករឿងឃើញសមត្ថកិច្ចឃាត់ខ្លួនទើបដឹងថាការដែលលោកឧស្សាហ៍និមន្តមក ក៏ព្រោះតែប្រព្រឹត្តរឿងបែបនេះសោះ៕

អត្ថបទដែលជាប់ទាក់ទង