មន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ នឹងបើកឲ្យសាធារណជន ចូលគោរពវិញ្ញាណក្ខន្ធសពលោកវេជ្ជបណ្ឌិត រហូតដល់ថ្ងៃសុក្រទី១៤ ខែកញ្ញា
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ៖ មន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ នឹងបើកឲ្យសាធារណជន ចូលគោរពវិញ្ញាណក្ខន្ធសពលោកវេជ្ជបណ្ឌិត រហូតដល់ថ្ងៃសុក្រទី១៤ ខែកញ្ញា នេះ ហេតុនេះសូមបងប្អូនអញ្ជើញមក ជាលក្ខណៈគ្រួសារក៏បាន មកជាលក្ខណៈបុគ្គលក៏បាន ក្រុមការងារមូលនិធិគន្ធបុប្ផា រង់ចាំស្វាគមន៍បងប្អូនគ្រប់ៗគ្នា កុំខ្មាសអៀន ការគោរពអ្នកមានគុណ គឺជាកិរិយាមនុស្សមានកតញ្ញុ សុំអញ្ជើញចូលតាមច្រកធំ ដែលនៅទល់មុខមន្ទីរពេទ្យព្រះកេតុមាលា ។
លោកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា បានថ្លែងថា វេលាម៉ោង៩ព្រឹកថ្ងៃអង្គារ៍ទី១១ ខែកញ្ញា ឆ្នាំ២០១៨ មកចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត បេអាតរីចឈ្នឺរ បេអាតូសេឡូ កើតថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ ទទួលមរណភាពថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោកសុំអោយដួងវិញ្ញាណខណ្ឌរបស់ឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតទៅកើតនៅឋានសុកតិភពផងចុះ ។
លោកអោម តារា (Tara Om) បានសរសេរលើផេកហ្វេសប៊ុកថា នៅព្រឹកថ្ងៃទី11 កញ្ញា 2018 វេលាម៉ោង9 នេះ ខ្ញុំបាននាំក្រុមការងារអង្គការខ្ញុំ មកគោរពវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត បេអាតរីចឈ្នឺរ នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ។ ពួកយើងគ្មានលទ្ធភាពជូនដំណើរលោក នៅស្រុកកំណើតរបស់លោកទេ យើងអាចត្រឹមមកគោរពដឹងគុណលោក ត្រឹមកន្លែងដែលលោក ជួយសង្រ្គោះកុមារកម្ពុជាប៉ុណ្ណោះ ។ វីរភាពរបស់លោក យើងនិងប្រាប់តកូនតចៅពួកយើង យើងមិនភ្លេចអ្វី ដែលលោកបានសាង ចំពោះជាតិយើងខ្ញុំទេ សូមវិញ្ញាណក្ខន្ធ លោកបានសោយសុខ ក្នុងសុគតិភពចុះ។
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា និងបុគ្គលិកមន្ទីរពេទ្យទាំងមូល បានឲ្យដឹងថា ការបាត់បង់លោក គឺពិតជាអង្រួនបេះដូងប្រជាជនស្វ៊ីស និងប្រជាជនកម្ពុជា ទាំងមូល ដោយក្តីក្រៀមក្រំ ដែលយើងទាំងអស់គ្នាសូមសម្តែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅជាទីបំផុត ជាមួយគ្រួសារ ជាទីស្រឡាញ់ របស់លោក។ ស្មារតីនៃមេត្តាធម៌ បេះដូងនៃសេចក្តីស្រឡាញ់ និងការចែករំលែក ព្រមទាំងការតាំងចិត្ត ដើម្បីសមិទ្ធផលល្អបំផុតរបស់លោក នឹងត្រូវបានចងចាំជារៀងរហូត។ មន្ទីរពេទ្យគន្ធបុប្ផានៅទីនេះ និងជាងទៅទៀត យើងទាំងអស់គ្នា បានរៀនសូត្រ និងទទួលបាននូវដំបូន្មានល្អៗ ប្រកបដោយគតិបណ្ឌិតយ៉ាងច្រើនពីលោក។ រាល់ដំណាក់កាលនីមួយៗ មកដល់ពេលនេះ យើងបានថែរក្សានូវមរតករបស់លោក បេអាត រិចឈ្នឺរ ៖ “កុមារគ្រប់ៗរូប ទោះមាន ឬក្រ មានសិទ្ធិទទួលបានការព្យាបាល ត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព អំពីសេវាសុខភាព គ្រប់ពេលវេលា មានន័យថា បានទទួលសេវាថែទាំងសុខភាពត្រឹមត្រូវ នៅគ្រប់ពេលវេលា សម្រាប់កុមារគ្រប់រូប។ សម្រាប់កុមារក្រីក្រទាំងឡាយ ដែលរស់នៅក្នុងបណ្តាប្រទេសក្រីក្រ រាល់ការព្យាបាលទាំងអស់ ត្រូវតែឥតគិតថ្លៃ។ គេអាចធ្វើយ៉ាងនេះទៅបាន លើកលែងតែគេចៀសវាឲ្យបានទាំងអស់ នូវអំពើពុករលួយ”។
លោកវេជ្ជបណ្ឌិត ជានិច្ចកាល គឺនៅតែជាវេជ្ជបណ្ឌិតក៏មហិមា សម្រាប់កុមារមានជំងឺ នៅក្នុងប្រទេសកម្ពុជា។ បើសិនជាំមានការទិតៀនណាមួយ តែយើងច្រើនណាស់ ដែលបានទទួលផល អំពីដំបូន្មានប្រកបដោយគតិបណ្ឌិត និងការបង្ហាត់បង្រៀនរបស់លោក៕