ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទះប្រជាពលរដ្ឋ​ មួយខ្នង​ បានបំផ្លាញ សម្ភារៈអស់ទាំងស្រុង​ និងបណ្តាលឲ្យមាន មនុស្សចំនួន​ ៥នាក់បានរងរបួស

44

ភ្នំពេញ៖ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ​ មួយខ្នង​ បានបំផ្លាញសម្ភារៈអស់ទាំងស្រុង​ និងបណ្តាលឲ្យមានមនុស្សចំនួន​ ៥នាក់បានរងរបួសនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ។ ហេតុការណ៍​គ្រោះ​អគ្គិភ័យនេះ​ បានកេីតនៅចំណុចផ្ទះជួលលេខ៧៧D តាមបណ្តោយផ្លូវ២១៧​ (វិថីសម្តេចមុន្នីរ៉េត)​ សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ នៅវេលាម៉ោង​ ២និង១០នាទីទៀបភ្លឺ ថ្ងៃទី០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ ដោយត្រូវបានរលត់ទៅវិញហើយ​ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ​ចំនួន​ ៣៣គ្រឿង។

ដោយនៅក្នុងប្រតិបត្តិការនេះ​ គឺមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី​ ស៊ុម​ សុឃីម​ ស្នងការរង​ ទទួលផែនការងារអគ្គិភ័យ​ និងគ្រឿងផ្ទុះ​ បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ ដឹកនាំមន្ត្រីជំនាញពន្លត់អគ្គិភ័យ ចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាគ្រោះអគ្គិភ័យ។ ក្រោយពី​ ទទួលបាននូវបទបញ្ជានេះរួចមក​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានដឹកនាំលោកនាយរងការិយាល័យ​ និងមន្ត្រីជំនាញ ចុះប្រតិបត្តិការភ្លាមៗ​ ដោយក្នុងនោះ​ បានបញ្ជាទៅគោលដៅដែលបានប្រចាំការនីមួយៗ ចេញរថយន្តពន្លត់អគ្គិភ័យជួយសង្គ្រោះភ្លាមៗផងដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ បានបញ្ជាក់ថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន​ ២១គ្រឿង​ ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំនួន​ ២១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៣០ឡាន​,​ រថយន្តក្រសួងមហាផ្ទៃ​ ចំនួន​ ២គ្រឿង​ មិនបានប្រេីប្រាស់ទឹក,​ រថយន្តទីក្រុងអូឡាំព្យា​ ចំនួន​ ២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២ឡាន,​ រថយន្តក្រុមហ៊ុន​ OCIC ជ្រោយចង្វារ​ ចំនួន​ ៧គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៧ឡាន​,​ រថយន្តក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​។ ចំពោះក្នុងករណីគ្រោះអគ្គិភ័យខាងលេីនេះ​ បានបណ្តាលឲ្យមានមនុស្សចំនួន​ ៥នាក់បានរងរបួស​។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ​ បានឆេះបំផ្លាញអស់ម៉ូតូចំនួន​ ៣គ្រឿង​ និងសម្ភារៈអស់ទាំងស្រុង។

យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលេីនេះ​ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការគ្រប់គ្រងបាននៅវេលាម៉ោង​ ៣និង៣០នាទីទៀបភ្លឺ​ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលេីនេះ​ គឺបណ្តាលមកពីការ​ ឆ្លងចរន្តអគ្គីសនី​៕

អត្ថបទដែលជាប់ទាក់ទង