ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួន អតីតបុគ្គលិក ក្រុមហ៊ុនណាហ្កាវើលដ៍២នាក់ ពីបទរារាំងការ អនុវត្តវិធានការសុខាភិបាល

41

ភ្នំពេញ៖ អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការរារាំង ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានប្រាប់បណ្ដាញព័ត៌មានឱ្យដឹងថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ ទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួននោះ ទី១ឈ្មោះ ជួប ចាន់ណាត ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី២ ឈ្មោះ សេង វណ្ណារិទ្ធ ភេទប្រុស ស្នាក់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ត្រូវបាលកម្លាំងនគរបាលឃាត់ខ្លួន នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោក សាន សុខសីហា បានបញ្ជាក់ថា ការឃាត់ខ្លូនពួកគេទាំង២នាក់នេះ យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងរារាំងដល់ការ អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ យោងតាមមេត្រា១១ នៃច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបាននាំខ្លួន និងបើកការសួរនាំនៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់។

យោងតាមមាត្រា១១ នៃច្បាប់់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបញ្ជាក់អំពីបទរារាំងដល់ការអនុវត្តវិធានការ បានចែងថា៖ អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានចេញស្របតាមច្បាបនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០រៀល ទៅ ១០,០០០,០០០រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥,០០០,០០០ ទៅ ២០,០០០,០០០រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង