ប្រមុខគុនដាវលើកទឹកចិត្ត ដល់កីឡាករគុនដាវ លើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីប្រជែង មេដាយមាសស៊ីហ្គេម ២០២៣
ភ្នំពេញ៖ប្រមុខគុនដាវកម្ពុជាឯកឧត្តមតែ ឡូរិន បានជំរុញលើកទឹកចិត្ត ដល់កីឡាករកីឡាការិនី គុនដាវកម្ពុជា ឲ្យមានការប្តេជ្ញាចិត្តឲ្យបានខ្ពស់ ដើម្បីដណ្ដើមយកមេដាយមាសឲ្យបានជាអតិបរមា ក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា។
នេះជាការលើកឡើងរបស់ឯកឧត្តមប្រធានសហព័ន្ធគុនដាវ នៅក្នុងពិធីបិទ ការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលបានបិទបញ្ចប់ដោយ ជោគជ័យ កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅកីឡដ្ឋាន វេស្ទឺន រាជធានីភ្នំពេញ។
ឯកឧត្តមតែឡូរិនមានប្រសាសន៍ថា ខ្ញុំសូមលើកទឹកចិត្តដល់កីឡាករកីឡាការិនីទាំងអស់ បន្តផ្តោតការយកចិត្តទុក ដាក់លើការហ្វឹកហាត់ឲ្យបានខ្លាំងក្លា អស់ពីកម្លាំងកាយចិត្ត ដើម្បីសម្រេចឱ្ យបានជោគជ័យ នៅស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះ ដ៏ដូចជាការប្រកួតផ្សេងៗទៀតផងដែរ។
ជាមួយគ្នានោះ ប្រធានសហព័ន្ធគុនដាវកម្ពុជា បានចាត់ទុកថា កិច្ចសហការគាំទ្ររបស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា សម្រាប់កិច្ចសហការគាំទ្រដ៏កក់ក្ដៅ ដល់ដំណើរការ សហព័ន្ធកីឡាគុនដាវកម្ពុជា ដែលបាននិងកំពុង ជំរុញដល់ដំណើរការ អភិវឌ្ឍវិស័យកីឡាគុនដាវកម្ពុជា ឲ្យមានសកម្មភាពជាបន្តបន្ទាប់ ដូចជាការប្រកួត ជើងឯកថ្នាក់ជាតិ នាពេលនេះ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតអន្តរជាតិ នាពេលខាងមុខផងដែរ។
យោងតាមរបាយការណ៍លទ្ធផល នៃការប្រកួត របស់លោក ឃុត សៀង ប្រធានបច្ចេកទេស ឯកឧត្តមបានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរ ដល់កីឡាករ-កីឡាការិនីជ័យលាភី ហើយក៏សម្តែងការកោតសរសើរចំពោះកីឡាករ កីឡការិនីទាំងអស់ ដែលខិតខំ អស់សមត្ថភាពក្នុងការប្រកួត។ នៅក្នុងការប្រកួត ពិតណាស់យើងចង់ បានជ័យជម្នះ ប៉ុន្តែលទ្ធផលនៃ ការប្រកួតក៏សំខាន់ផងដែរ ព្រោះថាវាជាការវាស់ ស្ទង់សមត្ថភាពរបស់កីឡាករ កីឡាការិនីរៀងៗខ្លួនផង ក៏ដូចជាការបំបែក ឯកត្តទកម្មផ្ទាល់ខ្លួនផងដែរ៕