ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហើបថា និស្សិតវិទ្យាស្ថានតេជោសែន នឹងទទួលបានពិន្ទុមុន ១៥% ពេលប្រឡងចូលក្របខណ្ឌរដ្ឋ

96

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុង កម្មវិធីតម្រង់ទិសជំនាញសិក្សានៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបថា សម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានតេជោ សែន នឹងទទួលបានពិន្ទុមុនចំនួន ១៥% ពេលប្រឡងចូលក្របខណ្ឌរដ្ឋ ដើម្បីបំរើការងារនៅក្រសួងសាធារណការ ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងដូចនេះថា៖ «ពេលយើងរៀនចប់ពីវិទ្យាស្ថានតេជោសែន ពេលប្រឡងចូលក្របខណ្ឌរដ្ឋ យើងខ្ញុំឱ្យពិន្ទុមុនឱ្យហើយ ១៥% មុនឱ្យហើយ ១០ ទៅ ១៥% មុននិស្សិតមកពីសាលាផ្សេងៗ ចឹងអតិថិភាពផ្តល់ទៅឱ្យនិស្សិតដែលរៀបចប់ពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងការប្រឡងចូលក្របខណ្ឌ»

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, និស្សិតសិក្សានៅវិទ្យាស្ថានតេជោសែន និងមានឱកាសចុះទៅសិក្សាដោយផ្ទាល់នៅតាមការដ្ឋានសាងសង់ តាមកំពង់ផែ និងតាមទីតាំងផ្សេងៗ ហើយគិតមកដល់ពេលនេះមិនទាន់ធ្លាប់មានសាកលវិទ្យាល័យណាមួយ ដែលយកសិស្សានុសិស្ស ចុះទៅអនុវត្តការងារធ្វើកំពង់ផែ ចុះមើលការសង់ផ្លូវល្បឿនលឿន ការសាងសង់ស្ពាន និងផ្លូវនោះទេ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ដើម្បីកសាងប្រទេសជាតិបាន គឺត្រូវការកសាង ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស គឺមានសារសំខាន់ណាស់ ដូចនេះដើម្បីឱ្យមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងបានរៀបចំបណ្តុះបណ្តាលធន ធានមនុស្សជំនាន់ក្រោយឱ្យបានច្រើន ដែលមានជំនាញមួយច្បាស់លាស់ ដើម្បីបានចូលរួមជាមួយរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិ។

សូមបញ្ជាក់ដែរថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានដេប៉ាតឺម៉ង់ចំនួន ៣រួមមាន ១៖ដេប៉ាតឺម៉ង់សំណង់សាធារណការ សិក្សាលើជំនាញសំណង់ផ្លូវ ថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ២៖ ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម សិក្សាលើជំនាញសេដ្ឋកិច្ច និងគ្រប់គ្រង ដឹកជញ្ជូន ផ្លូវគោក និងជំនាញគ្រប់គ្រង ភស្ដុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និង៣ ដេប៉ាតឺម៉ង់នាវាចរណ៍លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា។

វិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងគំនិតផ្តួចផ្តើមប្រកបដោយការតាំងចិត្តមុះមុត និងចក្ខុវិស័យច្បាស់លាស់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព ចំណេះដឹងទូលំទូលាយ និងសីលធម៌ វិជ្ជាជីវៈ ក៏ដូចជាដើម្បីដោះស្រាយបញ្ហាវិបត្តិកង្វះអ្នកជំនាញបច្ចេកទេស ដែលមានភារកិច្ចបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវ លើវិស័យ សំណង់ស្ពាន ថ្នល់ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវដែក កំពង់ផែ និងវិស័យដឹកជញ្ជូន ផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ និងភស្តុភារកម្មជាដើម៕

អត្ថបទដែលជាប់ទាក់ទង