ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតកម្មសម្លាប់ មនុស្សមួយគ្រួសារ នៅខេត្តមណ្ឌលគិរី ត្រូវកម្លាំងនគរបាល បង្ក្រាបបានជនដៃដល់ ៦នាក់

204

មណ្ឌលគិរី៖ ឃាតកម្មដ៏សាហាវព្រៃផ្សៃសម្លាប់មនុស្សមួយគ្រួសារ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយចោទប្រកាន់ក្រុមគ្រួសារជនរងគ្រោះថា ចេះអំពើអាបធ្មប់នោះ ត្រូវកម្លាំងនគរបាលបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់ចំនួន៦នាក់ជាបន្ដបន្ទាប់ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីធ្វើសកម្មភាព កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។

ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី, នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ និងអង្គការការពារកុមារ CPU ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។

លោកវរសេនីយ៍ឯក ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា អំពើឃាតកម្មនេះ បានកើតឡើងនៅចំណុចស្រែចោត ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០១ ខែកុម្ភៈ ហើយរហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ មន្ដ្រីនគរបាលជំនាញ បានឈានទៅដល់កំណត់អត្តសញ្ញាណជនសង្ស័យ និងធ្វើការឃាត់ខ្លួន បានជាបន្តបន្ទាប់ចំនួន០៦នាក់។

ពាក់ព័ន្ធជនដៃដល់ទាំង៦នាក់នោះ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ក៏បានអះអាងដែរថា រួមមាន៖

១៖ ឈ្មោះ ធី ម្ពៀត ហៅព្សឹត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិព្នង (ជនដៃដល់)
២៖ ឈ្មោះ រឹម ធា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ជនដៃដល់)
៣៖ ឈ្មោះ នឹម ខ្លាខឹន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (ជនដៃដល់)
៤៖ ឈ្មោះ ធី ព្យឹត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិព្នង (ជនដៃដល់)
៥៖ ឈ្មោះ ក្លឹង ចន្ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិព្នង (អ្នកបញ្ជាឲ្យសម្លាប់)
៦៖ ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ (អ្នកបញ្ជាឲ្យសម្លាប់)។

ទាំងលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ និងលោកវរសេនីយ៍ឯក ហែម បូណា បានបញ្ជាក់ដូចគ្នាថា ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជា បានធ្វើសកម្មភាព បាញ់ និងវាយសម្លាប់ទៅលើជនរងគ្រោះ ទាំង០៦នាក់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ប្រាកដមែន ដោយមូលហេតុសារគំនុំ រឿងចោទប្រកាន់ ក្រុមគ្រួសាររងគ្រោះថា បានធ្វើអំពើ អាបធ្មប់ មកលើគ្រួសារខ្លួន។

បច្ចុប្បន្នជនសង្ស័យខាងលើ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ផ្តន្ទាទោសតាមច្បាប់។

គួរជម្រាបថា បើតាមសេចក្ដីរាយការណ៍ នៅទីតាំងកើតហេតុ កម្លាំងនគរបាលជំនាញមាន ការដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ កើត ប៊ុនណា និងលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ដមណ្ឌលគិរី ដោយមានកម្លាំងនគរបាលជំនាញ ជាច្រើនចូលរួមប្រតិបត្តិការតាំងពីថ្ងៃកើតហេតុ ដោយសម្រាក និងប្រើពេលជាច្រើននៅក្នុងព្រៃ។

សូមបញ្ជាក់ថា សពជនរងគ្រោះក្នុងគ្រួសារមួយ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងព្រៃមួយ ស្ថិតនៅចំណុចស្រែម៉ាអ៊ែល ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។ នេះត្រូវបានគេចាត់ទុកថា ជាអំពើឃាតកម្មមួយដ៏សាហាវ ដែលកើតមានឡើង នៅដើមឆ្នាំ២០២២នេះ៕

អត្ថបទដែលជាប់ទាក់ទង