រកឃើញក្រុមបាតុករ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ចំនួន ២៩ នាក់បន្ថែមទៀត មានផ្ទុកមេរោគកូវីដ-១៩
ភ្នំពេញ ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញនៅ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ បានរកឃើញមានបាតុករចំនួន២៩នាក់បន្ថែមទៀត មានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន។
មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិទាំងអស់ ឱ្យបានជ្រាបថានៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញសហការ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានធ្វើតេស្តយកសំណាក ដើម្បីស្វែងរក មេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏។ ជាលទ្ធផលគិតត្រឹមម៉ោង ១៨និង៤៥នាទីនៅល្ងាចថ្ងៃ ដដែលនេះ មានបាតុករចំនួន២៩នាក់បន្ថែមទៀត ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន។
មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករទាំងអស់ ដែលជាអ្នកប៉ះពាល់ ផ្ទាល់ជាមួយអ្នក វិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ក រយៈពេល០៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុត តាមវិធានសុខាភិបាល។ បន្ទាប់ពីការធ្វើចត្តាឡីស័កចប់ ត្រូវយកសំណាកនៅតាមកន្លែង ដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផល មកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។
ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ស្នើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយក្រុមបាតុករ ព្រមទាំងបងប្អូនបាតុករ ដែលមិនទាន់បាន យកសំណាកវិភាគមេរោគកូវីដ-១៩ ត្រូវទៅធ្វើតេស្ត រកមេរោគតាមកន្លែង កំណត់នៅរាជធានីភ្នំពេញ៕