ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីប្រែក្លាយពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ យើងត្រូវធ្វើការងារអាទិភាពចំនួនបួន

58

 

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីគោលដៅនៃការអភិវឌ្ឍធនធានមនុស្ស ឱ្យមានការរីកចម្រើន និងប្រកបដោយភាពសម្បូរបែប ដើម្បីប្រែក្លាយពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតជោនាយករដ្ឋមន្ត្រី យើងត្រូវធ្វើការងារអាទិភាពចំនួនបួន។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ ដើម្បីយើងអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ និងប្រែក្លាយជាប្រទេស ដែលមានចំណូលខ្ពស់បាន យើងត្រូវធ្វើការងារអាទិភាពចំនួនបួនឱ្យបានគឺ៖ ទី១. ត្រូវបញ្ចុះតម្លៃអគ្គិសនីឱ្យ នៅកម្រិតទាប ទី២. ត្រូវមានធនធានមនុស្សល្អ ទី៣.ត្រូវបញ្ចុះតម្លៃភស្តុភាកម្ម និងដឹកជញ្ជូន ទី៤. រៀបចំខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគឱ្យមក បណ្ដាក់ទុនបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋយើង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីតម្រង់ទិសជំនាញ សិក្សានិងការងារ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត វាគ្មិនកិត្តិយស វាគ្មិនក្រសួង សាស្រ្តាចារ្យ បុគ្គលិក សិស្ស-និស្សិត សរុបទាំងអស់ប្រមាណ៥០០រូបនៅថ្ងៃអាទិត្យ ទី០៦ ខែកម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា គោលបំណងបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននេះឡើង ដើម្បីអភិវឌ្ឍធនធានមនុស្ស បណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យចេះធ្វើផ្លូវ សង់ស្ពានឆ្លងទន្លេ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ឱ្យមានគុណភាពរឹងមាំសម្រាប់កូនខ្មែរជំនាន់ក្រោយ និងមានសមត្ថភាព ដូចបុព្វបុរសសម័យមុន ដែលមានសមត្ថភាព អាចកសាងប្រាង្គប្រាសាទដ៏ស្រស់បំព្រង និងមានគុណភាពរឹងមាំជាប់បានយូររាប់រយឆ្នាំ និងល្បីល្បាញពាសពេញ សកលលោកថែមទៀតផង។ បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រីបាន សង្កត់ធ្ងន់ថាវិទ្យាស្ថាននេះ ជាគ្រឹះស្ថានសិក្សាតែមួយគត់នៅកម្ពុជា ដែលផ្តល់ការបណ្ដុះបណ្ដាលជំនាញសាងសង់ផ្លូវ ស្ពាន ដឹកជញ្ជូន និងភស្តុភារកម្មនិង ជំនាញជាច្រើនទៀតឱ្យកូនខ្មែរជំនាន់ក្រោយចេះកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយខ្លួនឯងប្រកបដោយ គុណភាពមិនពឹងលើបរទេស។

លោកទេសរដ្ឋមន្ត្រី បានផ្តល់ដំបូន្មានដល់សិស្ស-និស្សិតនាឱកាសផងដែរថា៖ ក្នុងនាមជាសិស្ស-និស្សិតត្រូវធ្វើខ្លួនជាមនុស្សល្អក្នុងសង្គម និងខិតខំរៀនសូត្រឱ្យកាន់ តែខ្លាំងបន្ថែមទៀត និងបានលើក ពាក្យស្លោកមួយចំនួនឱ្យសិស្ស-និស្សិត បានយកទៅអនុវត្ តដើម្បីប្រែក្លាយជីវិតរបស់ខ្លួនឱ្យមានអនាគតល្អផងដែរ ក្នុងនោះមាន ពាក្យស្លោកមួយឃ្លាថា៖ “បើអ្នកមិនដឹងថាទៅផ្លូវណា ផ្លូវណាក៏នាំអ្នកទៅទីនោះដែរ” និងបណ្តាពាក្យស្លោកជាច្រើនមួយចំនួនទៀតផងដែរ។

លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យសិស្ស-និស្សិតទាំងអស់ ដាក់ពាក្យប្រឡងចូលរៀននៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត របស់កម្ពុជាឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។

សូមជម្រាបជូនថា៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានដាក់ចេញចក្ខុវិស័យ ឆ្ពោះទៅកាន់គ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈឈាន មុខគេក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស លើវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយគុណភាព ការច្នៃប្រឌិត និងសីលធម៌វិជ្ជាជីវៈ និងមានបេសកកម្ម បណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវលើវិស័យសំណង់ស្ពាន ថ្នល់ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវដែក កំពង់ផែ និងវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ និងភស្តុភារកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ដែល មានការទទួលស្គាល់ ពីថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

វិទ្យាស្ថាននេះក៏ជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងស្រាវជ្រាវមួយដែល ប្រមូលផ្តុំដោយសាស្រ្តាចារ្យល្បីៗ បុគ្គលិកមានសមត្ថភាពនិងសម្ភាររូបវន្ដសម្បូរបែប ដើម្បីអភិវឌ្ឍសិស្ស-និស្សិត ដែលមានសក្ដានុពលខ្ពស់ ឱ្យក្លាយជាកម្លាំង ចលករយ៉ាងសកម្មក្នុង ការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង