ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលស្រុកសាលាក្រៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណី ឃាតកម្មគិតទុកជាមុន

33

 

ប៉ៃលិន៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីឃាត់កម្មគិតទុកជាមុន កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចចំការដំឡូងមី ស្ថិតនៅក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចបានឱ្យដឹងថាសពរងគ្រោះមានឈ្មោះ ពិន សុខខន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បន្ទាប់ពីបើកការស្រាវជ្រាវ សមត្ថកិច្ចបានហៅមុខសញ្ញា ជនសង្ស័យដែលត្រូវជាគ្រួសារសព និងប្តីចុងមកសាកសួរនៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ តាមចម្លើយជនសង្ស័យ ទាំងពីរបានសារភាពថាខ្លួន ពិតជាបានរៀបគម្រោងសម្លាប់ ជនរងគ្រោះពិតប្រាកដមែន។

ជនសង្ស័យទី១-ឈ្មោះ ខៀវ បញ្ញា (ហៅ ក្អាត់) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន, ទី២-ជាប្រពន្ធដែលបានផ្សំគំនិតឈ្មោះ ឈឹម ឈន អាយុ៤២ឆ្នាំ មុខរបរកសិកររស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនសង្ស័យបានបន្តរៀបរាប់ដំណើររឿងថា កាលពីវេលាម៉ោងប្រហែល​១៩និង០០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ គឺគ្រួសារជនរងគ្រោះ(ប្រពន្ធ) និងប្ដីចុងបានរៀបគម្រោងសម្លាប់ទៅលើជនរងគ្រោះដោយបានដាក់ថ្នាំបាញ់ស្មៅទឹកខៀវលាយជាមួយស្រា ចំនួនមួយកែវ (ស្រាតិច ថ្នាំទឹកខៀវច្រើន)ឱ្យប្ដីដើមផឹក នៅពេលដែលជនរងគ្រោះមានសភាពពុលថ្នាំ(ប្រកាច់) ទើបជនសង្ស័យទាំងពីរបានលី ទៅចំការដំឡូងខាងក្រោយផ្ទះចម្ងាយប្រហែល៤០០ម៉ែត្រ ដោយឃើញជនរងគ្រោះ មិនទាន់ស្លាប់ ទើបជនសង្ស័យ បានយកដំបងសំពោងទៅលើជនរងគ្រោះចំនួន ០៣ដំបងបន្ថែម (ក្រោមភ្នែកថ្ពាល់ខាងស្ដាំ ពីរដំបង និងកញ្ចឹងក មួយដំបង)បន្ថែមទៀត រួចក៏នាំគ្នាត្រឡប់មកផ្ទះវិញ។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង