ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរមីន និងអង្គភាពគាំទ្រការអនុវត្ត រួមគ្នាពង្រឹងភាពដៃគូរ និងកិច្ចសហប្រតិបត្តិការ លើការងារបោសសម្អាតមីននៅកម្ពុជា

36

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្ត (Implementation Support Unit_ISU) នៃអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល (អនុសញ្ញាអូតាវ៉ា_APMBC) និងលោក Gregory Cathcart មន្រ្តីជាន់ខ្ពស់ ISU ដែលមានទីស្នាក់នៅប្រទេសស្វីស ចូលជួបពិភាក្សាការងារស្តីពីការពង្រឹងភាពដៃគូរ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីននៅកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីន។

គណៈប្រតិភូ ISU-APMBC បំពេញបេសកកម្មនៅកម្ពុជា រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០៦-១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគោលបំណងតាមដានការអនុវត្តការងារបោសសម្អាតមីនរបស់កម្ពុជា ឲ្យស្របទៅនឹងផែនការដែលបានអនុម័តឲ្យកម្ពុជាពន្យារពេលលើកទី២ នៅទីក្រុងអូស្លូ ប្រទេសន័រវេស្ស និងជួយគាំទ្រកម្ពុជាក្នុងការរៀបចំផែនការបោសសម្អាតមីនឲ្យសម្រេចទៅតាមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មរបស់គណៈប្រតិភូ ISU-APMBC នៅកម្ពុជា និងសូមថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះ អង្គភាព ISU-APMBC ដែលបានជួយគាំទ្រដល់កម្ពុជាក្នុងការផ្តល់ប្រឹក្សាយោបល់ និងជំនួយបច្ចេកទេសដល់ការងារបោសសម្អាតមីន ក្នុងនាមកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ជាពិសេសលើសំណើសុំពន្យាពេលបោសសម្អាតមីនរបស់កម្ពុជាលើកទី១ និងលើកទី២។

ក្នុងនាមជារដ្ឋភាគីនៃអនុញ្ញាអូតាវ៉ា កម្ពុជា ធ្លាប់បានស្នើសុំពន្យារពេលបោសសម្អាតមីនលើកទី១ រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ដើម្បីធ្វើការបោសសម្អាតផ្ទៃដីដែលដឹងថាមានគ្រាប់មីនទាំងអស់ឲ្យរួចរាល់ត្រឹមឆ្នាំ២០១៩ ហើយក្នុងរយៈពេល១០ឆ្នាំនោះ ផ្ទៃដីប្រមាណជាង ៥៧៧ ម៉ែត្រក្រឡា សរុបចំនួន ៨,២៩០ ចម្ការមីន បានបោសសម្អាតរួច មីនប្រឆាំងមនុស្ស ១០១,៤២៤ គ្រាប់ មីនប្រឆាំងរថក្រោះ ១,៥៦០ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៧៣,២៣១ គ្រាប់ ប៉ុន្តែផ្អែកតាមការវាយតម្លៃលទ្ធភាព កម្ពុជានៅតែមិនអាចសម្រេចបានតាមគោលដៅឆ្នាំ២០១៩។

បន្ទាប់ពីការពិនិត្យឡើងវិញ និងស្របតាមស្មារតីនៃ “សេចក្តីថ្លែងការណ៍ម៉ាពុយតូ+១៥” កាលពីឆ្នាំ២០១៤ កម្ពុជាបានស្នើសុំពន្យារពេលបោសសម្អាតមីនលើកទី២ រយៈពេល០៦ឆ្នាំបន្ថែមទៀត ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ សំដៅធ្វើការបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។

ក្នុងឱកាសនោះ ខ្ញុំបានជម្រាបប្រាប់ដល់គណៈប្រតិភូអំពីបញ្ហាមីននៅកម្ពុជា ថា “ប្រទេសកម្ពុជា ប្រឈមនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹងមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាលទ្ធផលនៃសង្រ្គាមរ៉ាំរ៉ៃអូសបន្លាយនៅក្នុងប្រទេស ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៦០ រហូតមកដល់ចុងឆ្នាំ១៩៩៨។ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុងឆ្នាំ ១៩៩៨ កម្ពុជា ទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយការគម្រាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច។”

សមិទ្ធផលរយៈពេលជិត ៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាចាប់ពីឆ្នាំ១៩៩២ ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងមានការចូលរួមចំណែកគាំទ្រពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធដទៃទៀត គិតត្រឹមខែធ្នូ ឆ្នាំ២០២១ កម្ពុជា បានបោសសម្អាតផ្ទៃដីចំនួន ២,៣២៨ គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស ១,១១៨,៨១០ គ្រាប់ មីនប្រឆាំងរថក្រោះ ២៥,៩៥២ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ២,៩៨៣,៤១៦ គ្រាប់។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមដ៏ធំធេងលើផ្ទៃដី ២,០១៧ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះ ៧៨៨ គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន។

ឆ្នាំ២០២២នេះ កម្ពុជាគ្រោងនឹងរៀបចំពិធីអបអរសាទររំលឹកខួបទី៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា (១៩៩២-២០២២) ក្នុងនោះខ្ញុំបានស្នើសុំឲ្យអង្គភាព ISU-APMBC ជួយគាំទ្រដល់ការងារបច្ចេកទេសសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ ព្រមទាំងបានស្នើសុំ អង្គភាព ISU-APMBC ជួយកៀរគរធនធានបន្ថែមពីសហគមន៍ផ្តល់ជំនួយ គាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជាឲ្យអស់ទាំងស្រុងនៅត្រឹមឆ្នាំ២០២៥។

អង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (Implementation Support Unit_ISU) ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០០១ ហើយវិសាលភាពរបស់ ISU ត្រូវបានកំណត់ដោយ “សេចក្តីណែនាំរបស់រដ្ឋភាគីចំពោះអង្គភាពគាំទ្រការអនុវត្តអនុសញ្ញា” ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទីដប់ (10MSP) ឆ្នាំ២០១០។ អង្គភាព ISU-APMBC មានអាណត្តិក្នុងការផ្តល់ប្រឹក្សាយោបល់ ផ្តល់ជំនួយបច្ចេកទេសលើការអនុវត្តអនុសញ្ញាដល់គ្រប់រដ្ឋភាគី គាំទ្រការរៀបចំនិងតាមដានកិច្ចប្រជុំរដ្ឋភាគី សន្និសិទពិនិត្យឡើងវិញ កិច្ចប្រជុំអន្តរកម្ម និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត។

អត្ថបទដែលជាប់ទាក់ទង