ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះរកឃើញ បាតុករអតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន ០៨នាក់ទៀត «វិជ្ជមានវីរុសកូវីដ-១៩»

60

 

ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃនេះបញ្ជាក់ពីការរកឃើញបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន ០៨នាក់ទៀត «វិជ្ជមានវីរុសកូវីដ-១៩»។

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញបានធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏។ ជាលទ្ធផលគិតត្រឹមម៉ោង១៧:០០នាទី នៅល្ងាចថ្ងៃដដែលនេះមានចំនួន០៨នាក់ បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន។

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញណែនាំក្រុមបាតុករទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយ អ្នកវិជ្ជមានកូវីដ-១៩ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃដោយគោរពឱ្យបានម៉ឹងម៉ាត់បំផុតតាមវិធានសុខាភិបាល។ បន្ទាប់ពីការធ្វើចត្តាឡីស័កចប់ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផល មកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។

ទន្ទឹមនឹងនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញស្នើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយក្រុមបាតុករព្រមទាំងបងប្អូនបាតុករដែលមិនទាន់បានយកសំណាកវិភាគមេរោគកូវីដ-១៩ ត្រូវទៅធ្វើតេស្ដរក មេរោគតាមកន្លែងកំណត់នៅរាជធានីភ្នំពេញ។

ទទួលបានសេចក្ដីជូនដំណឹងនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងបងប្អូនបាតុករ ទាំងអស់ ជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង