ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន នឹងទទួល «ពានរង្វាន់សន្តិភាពស៊ុនហាក់» នៅថ្ងៃទី១២ ខែកុម្ភៈ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិភពលោក ២០២២ នៅកូរ៉េខាងត្បូង

40

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទទួល «ពានរង្វាន់សន្តិភាពស៊ុនហាក់ (Sunhak Peace Prize)» នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ អំឡុងពេលកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២ (World Summit 2022) ដែលសម្តេចតេជោ ក៏នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំដ៏សំខាន់ នៅកូរ៉េខាងត្បូងនេះផងដែរ។

នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត យុន យ៉ុងហូ (Yun Young-Ho) អគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) ក្នុងសន្និសីទសារព័ត៌មាន ស្តីពីកិច្ចប្រជុំកំពូលឆ្នាំ២០២២ និងការប្រកាសជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ដែលបានធ្វើឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ ពីកូរ៉េខាងត្បូង។

មានមនុស្សចំនួន ៣នាក់ ដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ រួមមាន៖

១៖ សម្តេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៉ីអាគ្នេយ៍ និងជាអ្នកគាំទ្រដំណើរការសន្តិភាពថ្មីនៅលើឧបទ្វីបកូរ៉េ ទទួលបាន «ពានរង្វាន់កិត្តិយសពិសេសទី៣ របស់ស្ថាបនិកឆ្នាំ២០២២»។

២៖ សម្ព័ន្ធវ៉ាក់សាំង Gavi ដែលជាអ្នកដឹកនាំសកលក្នុងការទទួលបានថ្នាំបង្ការដោយស្មើភាពក្នុងអំឡុងពេលជំងឺកូវីដ-១៩ ទទួលបាន «ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២»។

៣៖ លោកស្រី សារ៉ាហ៍ ខាត់ថេរីន ហ្គីលប៊ឺត (Sarah Catherine Gilbert) ដែលជាសហអ្នកបង្កើតវ៉ាក់សាំង Oxford-AstraZeneca ទទួលបាន «ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២»។

ម្ចាស់ជ័យលាភីទាំងអស់ ត្រូវបានផ្តល់ពានរង្វាន់ គឺពីព្រោះពួកគាត់បានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍមនុស្ស រួមទាំងការខិតខំប្រឹងប្រែងដើម្បីការពារសុខភាព និងសុខុមាលភាពរបស់មនុស្សជាតិ នៅក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩។ ជ័យលាភីម្នាក់ៗ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ និងមេដាយមាស នៅឯកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលជាកិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង។

ម្ចាស់ជ័យលាភីទាំងអស់ទទួលបានថវិកា ១លានដុល្លារអាមេរិក និងមេដាយ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា ថវិកា ១លានដុល្លារអាមេរិក ដែលសម្តេចបានពីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នឹងប្រើប្រាស់សម្រាប់បន្តសង់លំនៅដ្ឋានជូនអតីតយុទ្ធជនកម្ពុជា។

សូមជម្រាបដែរថា កិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នឹងប្រមូលផ្តុំវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពីប្រទេសចំនួន ១៥៧ ដើម្បីស្វែងយល់ពីការរំពឹងទុក សម្រាប់ការផ្សះផ្សាដោយសន្តិវិធីនៃឧបទ្វីបកូរ៉េ។ កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្នុងនោះមនុស្សប្រមាណ ១០០០នាក់ ត្រូវបានរំពឹងថា នឹងចូលរួមដោយផ្ទាល់ នៅទីក្រុងសេអ៊ូល ហើយអ្នកចូលរួមរាប់លាននាក់ទៀត នឹងចូលរួមតាមរយៈប្រព័ន្ធនិម្មិត (Online)។

សហស្ថាបនិក UPF គឺបណ្ឌិត ហាក់ ចាហាន មូន (Hak Ja Han Moon) ត្រូវធ្វើជាម្ចាស់ផ្ទះ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិលើកទី៨ ជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២នេះ។ កម្មវិធីនេះ នឹងបើកដំណើរការនៅថ្ងៃទី១០ ខែកុម្ភៈ ហើយបញ្ចប់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង