ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ សហការពីក្រុមហ៊ុន Internet ទាំង៤៩នៅកម្ពុជា លើការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក

60

 

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំពិភាក្សាស្តីពីការសហការលើការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយបណ្ដាក្រុមហ៊ុន ដែលផ្គត់ផ្គង់សេវាអឺនធើណេតចំនួន៤៩ នៅកម្ពុជា លើការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ជាមួយតំណាងក្រុមហ៊ុនចំនួន ៤៩ ដែលប្រកបអាជីវកម្មជាអ្នកផ្គត់ផ្គង់សេវាអឺនធើណេត (Internet Service Provider – ISP) នៅកម្ពុជា។

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៦៥ អនក្រ.បក ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅកម្ពុជាមកក្នុងកម្ពុជា ដោយឡែកចំពោះសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកក្នុងកម្ពុជា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ ស្តីពីអាករលើតម្លៃបន្ថែមជាធរមាន។

តាមរយៈកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ អាជីវកម្មតាមអនឡាញ វិស័យអនឡាញ និងអ៊ិនធើណេត មានការសន្ទុះយ៉ាងខ្លាំង និងកើនឡើងយ៉ាងគគ្រឹកគគ្រេង ខណៈសហគ្រាសមួយចំនួនបានចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធក៏ប៉ុន្តែមានខណៈសហគ្រាសមួយចំនួនធំ ពុំទាន់បានចុះបញ្ជី និងយល់ដឹងអំពីកាតព្វកិច្ចសារពើពន្ធនៅឡើយ។ ដូចនេះ ការពង្រឹងនូវការគ្រប់គ្រង សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជាការពង្រឹងការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) និងអនុលោមភាពសារពើពន្ធ សម្រាប់វិស័យនេះ។

កិច្ចប្រជុំនេះ អគ្គនាយកដ្ឋានពន្ធដារ មានបំណងក្នុងការផ្សព្វផ្សាយ និងពង្រឹងកិច្ចសហការពីបណ្តាសហគ្រាស ជាអ្នកផ្គត់ផ្គង់សេវាអឺនធើណេត (Internet Service Provider – ISP) ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងចូលរួមជាមួយរាជរដ្ឋាភិបាល ដោយក្នុងករណីសហគ្រាសមិនចុះបញ្ជី និងបំពេញកាតព្វកិច្ច
សារពើពន្ធ វិធានការចាំបាច់នានា ក្នុងការរាំងខ្ទប់នូវប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកនានា។

អគ្គនាយកដ្ឋានពន្ធដារ ស្វាគមន៍ចំពោះរាល់ធាតុចូល និងកិច្ចសហការនានា លើផ្នែកបច្ចេកទេសពាក់ព័ន្ធ ដើម្បីឲ្យការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាន់តែប្រសើរសំដៅធានា បាននូវការប្រមូលចំណូលពន្ធដារ កើនឡើងប្រកបដោយចីរភាព។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសង្ឃឹមថា ថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន ដែលប្រកបអាជីវកម្មជាអ្នកផ្គត់ផ្គង់សេវាអឺនធើណេត នៅកម្ពុជានឹងសហការចូលរួមយ៉ាងសកម្ម ជាមួយអគ្គនាយកដ្ឋានពន្ធដារក្នុងការអនុវត្ត។

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារពេលអនុវត្តន៍ប្រមូលអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការ តាមប្រព័ន្ធអេឡិចត្រូនិករហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដើម្បីទុកពេលវេលាបន្ថែមដល់ អ្នកជាប់ពន្ធក្នុងការស្វែងយល់បន្ថែម និងត្រៀមខ្លួនឲ្យបានរួចរាល់ ខណៈការអនុវត្តន៍នឹងចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២តទៅ៕

អត្ថបទដែលជាប់ទាក់ទង