ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់៖ បង្ហាញពីវឌ្ឍនភាព និង សុខដុមបនីយកម្មនៅកម្ពុជា ជូនអ្នកធុរកិច្ចនៅប្រទេសថៃ

74


ខេត្តយ៉ាឡា៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស បានបង្ហាញមោទន ភាពចំពោះវឌ្ឍនភាព ជាវិជ្ជមានរបស់កម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោលនយោបាយដឹកនាំសុខដុមបនីយកម្មជាគោលការណ៍រួមមួយនៃយុទ្ធសាស្រ្តឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សេរីភាព និង គ្មានជម្លោះ សាសនា រឺជម្លោះជាតិសាស្ត្រនោះឡើយ។
ការថ្លែងបែបនេះ ក្នុងឱកាសដែលលោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូ២៧រូប ទៅចូលរួមពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ព្រះវិហារឥស្លាម១ ខ្នងTengah Pambala នៅខេត្តយ៉ាឡាប្រទេសថៃ ក្រោមអធិបតីភាព លោក Wan Mohamad Noor Matha អតីតប្រធានរដ្ឋសភាថៃ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី មកពី
ក្រសួងមួយចំនួនរបស់ប្រទេសថៃចូលរួមផងដែរ ។ ពិធីនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃចន្ទ០១កើតខែភទ្របទ ឆ្នាំចសំរឹទ្ធិ ស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៨ ។
តាមរបាយការណ៏ឱ្យដឹងពី លោក Wan Mohamad Noor Matha ថា៖ ព្រះវិហារដែលសម្ពោធនាពេលនេះ មានទំហំ១៨ម៉ែត្រ គុណ ២៦ម៉ែត្រ រួមជាមួយនឹងអាគារសិក្សាមួយខ្នង ការិយាល័យរដ្ឋបាល ១ខ្នង ដែលសរុប សមិទ្ធផលទាំងអស់ មានតម្លៃ ១៥លានបាត ជាបដិភាគរបស់ប្រជាជនថៃក្នុងភូមិ Pambala និង សប្បុរសធម៍ក្នុងស្រុក ជាមួយនឹងបដិភាគនៃមូលនិធិ Matha Foundation របស់លោកប្រធានគណៈ អធិបតី ៤.៦លានបាតផងដែរ។
លោក Wan Mohamad Noor Matha ក្នុងនាមម្ចាស់ផ្ទះបានកោតសរសើរ និងស្វាគមន៍ដល់ការអញ្ជើញរបស់គណៈប្រតិភូកម្ពុជា និងបានកោតសរសើរ ពីការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស ក៏បានឡើងបង្ហាញមោទន ភាពចំពោះវឌ្ឍនភាព ជាវិជ្ជមានរបស់កម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោលនយោបាយដឹកនាំសុខដុមបនីយកម្មជាគោលការណ៍រួមមួយនៃយុទ្ធសាស្រ្តឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សេរីភាព និង គ្មានជម្លោះ សាសនា រឺ ជម្លោះជាតិសាស្ត្រនោះឡើយ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង