ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំ សហការជាមួយទីភ្នាក់ងារJICA បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអគារ និងសមិទ្ធផលនានានៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

222

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទីភ្នាក់ងារJICA បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអគារ និងសមិទ្ធផលនានានៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៅថ្ងៃទី០៩ កុម្ភៈ ២០២២
ក្រោមអធិបតីភាព ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ និង លោក មីកាមិ ម៉ាសាហីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។

លោក ហង់ ជួនណារ៉ុន. បានបញ្ជាក់ថា៖
សមិទ្ធផលថ្មីមួយទទួលបានពីគម្រោងJICA ក្នុងគោលបំណងពង្រឹងមូលដ្ឋានជារូបវ័ន្តចាំបាច់សម្រាប់វិទ្យាស្ថានគរុកោសល្យចំនួនពីរ គឺនៅរាជធានីភ្នំពេញ និងបាត់ដំបង ដើម្បីប្រែក្លាយខ្លួនជាគ្រឹះស្ថានអប់រំគ្រូបង្រៀនថ្នាក់បរិញ្ញាប័ត្ររយៈពេល ៤ឆ្នាំ ដោយពង្រីកនិងកែលម្អនូវអគារនិងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ ដែលបម្រើដល់ការបណ្តុះបណ្តាលគ្រូបង្រៀន និងផ្តល់សម្ភារៈចាំបាច់សម្រាប់ការបង្រៀន។ តាមការរំពឹងទុក សមិទ្ធផលថ្មីនេះ នឹងចូលរួមចំណែកក្នុងការបង្កើនគុណភាពការអប់រំនៅបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ តាមរយៈការបង្កើនគុណភាពរបស់គ្រូប ង្រៀន។

លោកបន្ដថា៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងទៀតថា ការកែលម្អអគារ និងហេដ្ឋារចនាសម្ព័ន្ធ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នេះ ត្រូវបានអនុវត្តឡើងក្រោមគម្រោងអភិវឌ្ឍន៍មូលដ្ឋានគ្រឹះសម្រាប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ (The Project for Establishing Foundations for Teacher Education College E-TEC) ដែលជាជំនួយហិរញ្ញប្បទានឥតសំណង របស់ រដ្ឋាភិបាលនិងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារ JICA។

លោកបានបន្ដថា ចំពោះសមិទ្ធផលដែលទទួលបាននេះ គឺអគារថ្មីចំនួន០៤ រួមមាន៖ អគាររដ្ឋបាល អគារសិក្សា អគារបណ្ណាល័យនិងសាលពហុបំណង ព្រមទាំងបំពាក់នូវសម្ភារៈសំខាន់ៗ សម្រាប់បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ បន្ទប់កុំព្យូទ័រ, និងបន្ទប់តន្ត្រីនិងសិល្បៈ ដើម្បីបម្រើដល់ការរៀននិងបង្រៀនឱ្យកាន់តែប្រសើរឡើង។ ក្រៅពីជំនួយហិរញ្ញប្បទាននេះ ទីភ្នាក់ងារ JICA និងក្រសួងអប់រំ យុវជន និងកីឡា ក៏បាននិងកំពុងបន្តអនុវត្តគម្រោងជំនួយបច្ចេកទេស សម្រាប់ការកសាងមូលដ្ឋានគ្រឹះ ដល់វិទ្យាស្ថានគរុកោសល្យទាំងពីរ ដោយអភិវឌ្ឍននូវកម្មវិធីសិក្សាលម្អិតសម្រាប់ការអប់រំបរិញ្ញាប័ត្រ សម្ភារៈសម្រាប់បង្រៀន និងការប្រឡង ប្រព័ន្ធ គ្រប់គ្រងរបស់វិទ្យាស្ថាន ក៏ដូចជាការកសាងឯកសារយុទ្ធសាស្ត្រសម្រាប់ដំឡើងគុណវុឌ្ឍិគ្រូបង្រៀន។ គម្រោង ក៏បានផ្ដោតជាពិសេសលើការអភិវឌ្ឍន៍សមត្ថភាពរបស់គ្រូឧទ្ទេស រួមមានសមត្ថភាពដើម្បីធ្វើការស្រាវជ្រាវអប់រំ និងអភិវឌ្ឍ កម្មវិធីសិក្សា ព្រមទាំងកម្មវិធីអាហាររូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុន៕. សំរិត

អត្ថបទដែលជាប់ទាក់ទង