បណ្ដុះបណ្ដាលស្ដីពី ការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត
ភ្នំពេញ ៖លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត ជូនដល់ ប្រធាន គធ.ខប ប្រធាន លគធ.ខប សមាជិកសេវាកម្មច្បាប់ វិវាទកម្ម និងសន្ដិសុខបោះឆ្នោត សមាជិកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃ គធ.ខប តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប ។
ការបណ្តុះបណ្តាលដែលមានរយៈពេល ៣ថ្ងៃ ស្តីពីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត ត្រូវបានបិទបញ្ចប់នាព្រឹកថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ( គ.ជ.ប)។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនោះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា គ.ជ.ប ធ្លាប់បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ៤លើករួចមកហើយ។ សម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គណបក្ស នយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោត ត្រូវរៀបចំដាក់ពាក្យចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយដោយដៃទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដូចដែលគណបក្ស នយោបាយធ្លាប់បានអនុវត្តកន្លងមក។
ឯកឧត្តមប្រធាន គ.ជប បានបន្តថា គណបក្សនយោបាយ អាចស្នើសុំ គជ.ប បង្កើតគណនីប្រើប្រាស់សម្រាប់រៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត តាមកម្មវិធីរបស់ គ.ជ.ប។លោកប្រធាន គ.ជ.ប ក៏បានលើកឡើងថា បច្ចេកវិទ្យាដែល គ.ជ.ប បានប្រើសម្រាប់ការចុះឈ្មោះបោះឆ្នោត គឺទទួលបានលទ្ធផលល្អ ហើយឥឡូវនេះ គ.ជ.ប បានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយទៀត គឺកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបន្តទៀតថា ការបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃនេះ មានសារៈសំខាន់ណាស់ ដែលទាមទារឱ្យមន្ត្រីបោះឆ្នោត គណបក្សនយោបាយ សមាគម អង្គការ មិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ត្រូវមានចំណេះដឹង និងជំនាញបច្ចេកទេសខ្ពស់ ក្នុងការអនុវត្តការងារបោះឆ្នោតឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ស្របតាមច្បាប់ និង បទបញ្ជា និងនីតិវិធីរបស់ គជ.ប។ ជាមួយគ្នានេះ លោកប្រធាន គ.ជ.ប ក៏បានណែនាំដល់ លោក លោកស្រី ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងប្រធាន លេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង ២៥ យកចិត្ត ទុកដាក់ទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តជូនដល់មន្ត្រីបោះឆ្នោតគ្រប់ លំដាប់ថ្នាក់របស់ខ្លួន ដើម្បីធានាការអនុវត្តតួនាទី និងភារកិច្ច ទទួលបានជោគជ័យ។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប សង្ឃឹមថា គ្រប់គណបក្សនយោបាយ ភាគីពាក់ព័ន្ធនឹង ការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ ប្រព្រឹត្តទៅប្រកប ដោយជោគជ័យ។
សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយ គ.ជ.ប មានមន្ត្រីបោះឆ្នោតមកពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) លេខាធិការដ្ឋាននៃ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធខប) ទាំង ២៥ តំណាងគណបក្សនយោបាយ ចំនួន ១៦ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១២ ដែលមានអ្នកចូលរួមប្រមាណ ១៣៦ នាក់។
យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មានរយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ហើយការទទួលពាក្យសុំចុះបញ្ជីបេក្ខជនពីគណបក្ស នយោបាយនេះធ្វើនៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត៕