ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី២ នៃកម្មវិធីតំបន់អាស៊ីអាគ្នេយ៍របស់ អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ

53

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២លោកសុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមតាមប្រព័ន្ធវីដេអូក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី២ នៃកម្មវិធីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (2nd Ministerial Conference of the OECD Southeast Asia Regional Programme) ដែលបានប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ “អនាគតដែលផ្តោតលើមនុស្ស៖ ភាពជាដៃគូសម្រាប់អាស៊ានកាន់តែឆ្លាតវៃ បៃតង និងបរិយាប័ន្ន” (A human-centered future: Partnership for a smarter, greener and more inclusive ASEAN)។

សន្និសីទនេះផ្ដល់ឱកាសជូនរដ្ឋមន្ត្រី និងអ្នកតំណាងជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងសមាជិកអង្គការ OECDធ្វើការកំណត់អត្តសញ្ញាណបញ្ហាប្រឈមផ្នែកឌីជីថល បរិស្ថាន និងសង្គម ដែលប្រទេសក្នុងតំបន់បាននិងកំពុង ជួបប្រទះក្នុងអំឡុងពេល នៃជំងឺរាតត្បាតកវីដ-១៩ និងពិភាក្សាអំពី ការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព។ សន្និសីទថ្នាក់រដ្ឋមន្ត្រីនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាលើប្រធានបទចំនួន ២ ការកសាងអាស៊ានដ៏ឆ្លាតវៃ សម្រាប់អនាគតប្រកបដោយបរិយាប័ន្ន និង ការធានាការស្តារឡើងវិញ ប្រកបដោយភាពបៃតង ដើម្បីអាស៊ានដែលមានភាពធន់។

សន្និសីទនេះមានការអញ្ជើញថ្លែងសន្ទុរកថាបើកដោយ លោក ឈឹង អ៊ីយុង (CHUNG Eui yong) រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ លោកស្រីផនភិមុន កាន់ឆាណាឡាក់ (Porpimol/ Kanchanalak) ប្រេសិតពិសេសរបស់រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ និង ឯកឧត្តម ម៉ាសៀស ខម៊ែន (Mathias CORMANN) អគ្គលេខាធិការអង្គការ OECD ដែលបាន ថ្លែងរំលេចពីតួនាទីដ៏មានសារៈសំខាន់ របស់ប្រទេសជាសមាជិកអាស៊ានក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល ក៏ ដូចជាការប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស្អិតរមួតរវាងអាស៊ាន និងអង្គការ OECD។

ថ្លែងក្នុងបទអន្តរាគមន៍លើប្រធានបទ “ការធានាការស្ដារឡើងវិញប្រកបដោយភាពបៃតងដើម្បី អាស៊ានដែលមានភាពន់ (Ensuring Green recovery towards a more resilient ASEAN) ឯកឧត្តម សុខ ចិន្តាសោភា បានជម្រាបជូនអង្គសន្និសីទ ពីការចូលរួមជាមួយបណ្តាប្រទេសអាស៊ាន និងអង្គការ OECD របស់កម្ពុជាលើកិច្ចខិតខំបង្កើននិរន្តរភាពបរិស្ថាន និងដោះស្រាយបញ្ហានៃការប្រែប្រួល អាកាសធាតុ សំដៅការកសាង “អាស៊ានបៃតង” និងអនាគតប្រកបដោយភាពធន់ និងបរិយាប័ន្ន។

លោកបានជម្រាបជូននូវវិធានការជាក់ស្តែងមួយចំនួន ដែលរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញរួមមាន ១) យុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន ២) ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលឈរលើសសរស្តម្ភចំនួន ៣ (3Rs) ១- ការស្តារឡើងវិញ (Recovery) ២- ការកែទម្រង់ (Reform) និង ៣- ការកសាងភាពធន់ (Resilience)។

លោកបានបញ្ជាក់បន្ថែមថា សម្រាប់សសរស្ដម្ភ ការកសាងភាពធន់ រាជរដ្ឋាភិបាលពង្រឹងការត្រៀមខ្លួននិងឆ្លើយតប ដើម្បីធានាការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយផ្តោតលើការកសាងធនធានមនុស្ស ការអភិវឌ្ឍសហត្រាសធុនតូច និងមធ្យម ដោយរួមបញ្ចូល ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និង ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងផងដែរ។

លោករដ្ឋមន្ត្រីប្រតិភូ ក៏បានរំលេចពីច្បាប់ស្ដីពីវិយោគថ្មី ដែលបានចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលបញ្ញត្តិស្តីពីការលើកទឹកចិត្តនៃច្បាប់នេះ បានចែងពីវិស័យនិងសកម្មភាពវិនិយោគចំនួន ១៩ ត្រូវបានទទួលការលើកទឹកចិត្ត ក្នុងនោះរួមមានការវិនិយោតក្នុងការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រា ក៏ដូចជា ការវិនិយោគក្នុងវិស័យថាមពលបៃតង បច្ចេកវិទ្យា ដែលរួមចំណែកដល់ការបន្សំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ។

សូមជម្រាបថា កម្មវិធីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការ OECD មានប្រទេសកូរ៉េ និងថៃ ជាសហប្រធាន នៅក្នុងដំណាក់កាលទី២នេះ ហើយសម្រាប់ដំណាក់កាលបន្ទាប់ ប្រទេសអូស្ត្រាលី និង វៀតណាម នឹងធ្វើជាសហប្រធានក្នុងរយៈពេល ៤ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង