ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ប្រាជ្ញ ចន្ទ ៖ គណបក្សនយោបាយ អាចស្នើសុំ គណៈកម្មាធិការជាតិ រៀបចណការបោះឆ្នោត បង្កើតគណនីសម្រាប់ការចុះបញ្ជីបេក្ខជន

45

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតហៅកាត់ គ.ជ.ប មាន ប្រសាសន៍ថា៖ គណបក្សនយោបាយ អាចស្នើសុំ គ.ជ.ប បង្កើតគណនីប្រើប្រាស់សម្រាប់រៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមកម្មវិធីរបស់ គ.ជ.ប។ ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត នាថ្ងៃទី៩ ខែកុម្ភៈ ២០២២ បាន បញ្ជាក់ថា គ.ជ.ប បានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយទៀត គឺកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ កម្មវិធីចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត បន្ទាប់ពីអនុវត្តទៅលើការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការចុះឈ្មោះបោះឆ្នោតទទួលបានលទ្ធផលល្អ។

យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់ គ.ជ.ប គឺការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មានរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ហើយគណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោត ត្រូវរៀបចំដាក់ពាក្យចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយដោយដៃទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដូចដែលគណបក្សនយោបាយធ្លាប់បានអនុវត្តកន្លងមក។

ប៉ុន្តែ បើសិនជាចង់ចុះបញ្ជីបេក្ខជនតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញរបស់គ.ជ.ប គឺត្រូវស្នើសុំបង្កើតគណនីជាមុនសិន ហើយការទទួលពាក្យសុំបង្កើតគណនីប្រើប្រាស់កម្មវិធីនេះ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ខណៈកម្មវិធីរៀបចំបញ្ជីបេក្ខជនតាមកម្មវិធីនេះ ត្រូវបិទនៅថ្ងៃទី១ ខែមីនា។
សូមបញ្ជាក់ថា គ.ជ.ប បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ ដោយផ្តោតលើកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ,កម្មវិធីចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត, កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោត។ គ.ជ.ប បានធ្វើការបណ្តុះ បណ្តាលដែលមានរយៈ ពេល៣ថ្ងៃ ស្តីពីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនា បោះឆ្នោត ដើម្បីទទួលបានចំណេះដឹង និងជំនាញបច្ចេកទេសក្នុងការអនុវត្តន៍ការ ងារបោះឆ្នោតឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ស្របតាម ច្បាប់ និងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។

លោក ប្រធាន គ.ជ.ប សង្ឃឹមថា គ្រប់គណបក្សនយោបាយ ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាថ្ងៃទី៥ ខែមិថុនាខាងមុខ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ ខណៈចំនួននៃសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងត្រូវជ្រើសរើស តាមរយៈការបោះឆ្នោតនេះ មានសរុប១១.៦២២នាក់ ក្នុងចំណោម១.៦៥២ឃុំសង្កាត់ និងមានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គិតត្រឹមឆ្នាំ២០២១នេះ ចំនួនជាង៩លាន២០ម៉ឺននាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន២៣.៦០២ ការិយាល័យ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង