ប្រមុខការទូតកម្ពុជា ៖ព្រះចៅស៊ុលតង់ ស្តេចព្រុយណេ នឹងយាងមកបំពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា បានឲ្យដឹងថាព្រះចៅស៊ុលតង់ ព្រះមហាក្សត្រព្រុយណេ នឹងយាងមកបំពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជានៅក្នុងឆ្នាំ២០២២នេះ។
លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសសហប្រតិបត្តការ អន្តរជាតិបានសរសេលើបណ្តាញសង្គមនៅថ្ងៃទី១០កុម្ភៈថា ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃ ប្រទេសព្រុយណេ នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា លោកបានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម តាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី៩ កុម្ភៈ។
លោកបានបញ្ជាក់ថា «២០២២ គឺជាឆ្នាំគម្រប់ខួបលើកទី ៣០ នៃទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ។ កម្ពុជាទន្ទឹងរង់ចាំ ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃ ប្រទេសព្រុយណេ និងដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ នៅកម្ពុជាក្នុងឆ្នាំនេះ» ។
ក្នុងជំនួបនោះដែរប្រមុខការទូតកម្ពុជា លើកឡើងថា យើងក៏បានពិភាក្សាអំពី ស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសង្ឃឹមថា នឹងអាចបន្តចូលរួមចំណែក ដល់ដំណើរការកសាងសន្តិភាព ដែលជាផលប្រយោជន៍រួម របស់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូប ៕ សំរិត