ក្រសួងប្រៃសណីយ៍ ឲ្យក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ដែលជាប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ទូទាត់បំណុលជូនរដ្ឋ
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១០ខែកុម្ភៈនេះ បានចេញសេចក្តីជូនដំណឹងដោយទុករយៈពេល ៧ (ប្រាំពីរ) ថ្ងៃ ឲ្យក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ដែលជាប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ទូទាត់បំណុលជូនរដ្ឋ , ក្នុងករណី ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) នៅតែគេចវេសមិនព្រមទូទាត់បំណុលជូនរដ្ឋ ក្រសួងទាំងពីរ នឹងចាត់វិធានការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ដែលជាប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយ។ ក្រសួងទាំងពីរសម្រេចទុករយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ដើម្បីឱ្យក្រុមហ៊ុន ចូលមកបំពេញកាតព្វកិច្ច ទូទាត់បំណុលនៃចំណូលបែងចែក (Revenue Share) និងបំណុលដទៃទៀតដែលក្រុមហ៊ុននៅជំពាក់រដ្ឋ ជាកំហិត។
ក្នុងករណី ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) នៅតែគេចវេសមិនព្រមទូទាត់បំណុល ជូនរដ្ឋក្រសួងទាំងពីរ នឹងចាត់វិធានការព្យួរអាជ្ញាបណ្ណ របស់ក្រុមហ៊ុន និងអនុវត្តមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ ព្រមទាំងចាត់វិធានការដទៃទៀត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ក្នុងការបំពេញកាតព្វកិច្ចទូទាត់បំណុល ជូនរដ្ឋតាមពេលវេលាកំណត់ខាងលើ៕