ប្រមុខCAMSOC ដាក់ចេញយុទ្ធសាស្ដ្រស៊ីជម្រៅ ៩ចំណុច ដើម្បីឆ្ពោះទៅ ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)បានដាក់ចេញនូវយុទ្ធសាស្ដ្រស៊ីជម្រៅ ៩ចំណុច សម្រាប់ថ្នាក់ដឹកនាំ និងមន្ដ្រី CAMSOC អនុវត្តឲ្យកាន់មានប្រសិទ្ធភាព ឆ្ពោះទៅរកភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំ២០២៣ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា យោងតាមលទ្ធផលសន្និបាត និងសិក្ខាសាលារយៈពេល ១ថ្ងៃកន្លះ គណៈកម្មាធិការជាតិ CAMSOC ពិតជាទទួលបានស្មារតីទទួលខុសត្រូវរួមគ្នា បទពិសោធជំនាញ និងលក្ខខណ្ឌតម្រូវមួយចំនួន ជាធាតុចូលដ៏សំខានក្នុងការដោះស្រាយរាល់បញ្ហាប្រឈម និងរាំងស្ទះដល់ដំណើរការអនុវត្តបន្ដ ។ ប៉ុន្ដែអ្វីៗទាំងអស់ដែលកើតឡើង និងសមិទ្ធផល ដែលយើងសម្រេចបានទាំងប៉ុន្មានកន្លងមក វានៅតែជាក្ដីសង្ឃឹមរបស់ CAMSOC ។ សម្ដេចពិជ័យសេនាបានផ្ដល់អនុសាសន៍ និងដាក់ចេញនូវយុទ្ធស៊ីជម្រៅមួយចំនួន តាមអភិក្រមតម្រង់ទិសដូចខាងក្រោម៖
ទី១៖ថ្នាក់ដឹកនាំ មន្ដ្រី អគ្គលេខាធិការដ្ឋាន និងគណៈកម្មការជំនាញ CAMSOC ត្រូវប្រមូលកម្លាំងសរុប លះបង់ពេលវេលា និងការទទួលខុសត្រូវនៅតាមក្រសួង ស្ថាប័នរបស់ខ្លួន ដោយផ្ដោយយកចិត្តទុកដាក់តួនាទីភារកិច្ចរបស់ខ្លួន ដែល CAMSOC បានប្រគល់ជូន ។ ថ្នាក់ដឹកនាំ និងមន្ដ្រី ដែលមានមុខងារទទួលខុសត្រូវ ត្រូវចំណាយពេលវេលាយ៉ាងតិច ៦០% ក្នុងឆមាសទី១ នៅឆ្នាំ២០២២ និងចាប់ពីឆមាសទី២ ឆ្នាំ២០២២ រហូតដល់ព្រឹត្តិការណ៍ប្រកួត ត្រូវចំណាយពេលវេលា ១០០% ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ។
ទី២៖ គណៈកម្មាធិការជាតិ CAMSOC នឹងពិនិត្យកែសម្រួលជាចាំបាច់ និងជាបន្ទាន់នូវថ្នាក់ដឹកនាំ ឬមន្ដ្រីដែលអសកម្មការងារ មិនទទួលខុសត្រូវលើការបំពេញតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួន ។
ទី៣៖ផែនការអភិវឌ្ឍជំនាញ សូមសសរស្ដម្ភទាំងបី រួមមានក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ត្រូវរួមគ្នាជម្រុញការអភិវឌ្ឍសមត្ថភាព គុណភាព និងគុណផលកីឡាករ-កីឡាការិនីជម្រើសជាតិ ដោយធានាយ៉ាងគត់មត់ថា កីឡាករ-កីឡាការិនី ពិតជាបានហ្វឹកហាត់ទៀតទាត់បំផុត និងបានចូលរួមការប្រកួតលើឆាកអន្ដរជាតិញឹកញាប់ ដើម្បីទទួលបានកម្រិតបច្ចេកទេសជំនាញ និងមានឧត្តមភាពបច្ចេកទេសកីឡាពិតប្រាកដ ។
ករណីនេះ ត្រូវពិនិត្យ និងដោះស្រាយរាល់បញ្ហារបស់កីឡាករ-កីឡាការិនី គ្រូបង្វឹក សហព័ន្ធកីឡាជាតិ ទៅលើការឧបត្ថម្ភគាំទ្រការលើកទឹកចិត្ត និងការរៀបចំឧបករណ៍ សម្ភារកីឡា ទីលានហ្វឹកហាត់ តាមស្ដង់ដារបច្ចេកទេសកីឡាអន្ដរជាតិ និងវិទ្យាសាស្ដ្រកីឡាបច្ចុប្បន្ន ។ រីឯផ្នែកហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ត្រូវតាមដាន និងរៀបចំគម្រោងថវិកាឲ្យបានច្បាស់លាស់ទាន់ពេលវេលា និងគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ដល់តម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍជំនាញកីឡាកម្រិតខ្ពស់ខាងលើនេះ ។
ទី៤៖គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយរបស់ CAMSOC រួមជាមួយក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលរាជធានី-ខេត្តត្រូវជំរុញការផ្សព្វផ្សាយឲ្យបានផុលផុសតាមផែនការរបស់CAMSOCពិសេសយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីក្នុងការបំផុសចលនាគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣និងចូលរួមបំផុសចលនាយុទ្ធនាការអប់រំសង្គមឲ្យមានប្រសិទ្ធភាពខ្ពស់ គឺ៖
-យុទ្ធនាការទី១: “កីឡារស់ក្នុងសន្ដិភា”
-យុទ្ធនាការទី២: “ប្រជាជនម្នាក់ លេងកីឡាមួយមុខ”
-យុទ្ធនាការទី៣: “កម្ពុជាស្អាត”
-យុទ្ធនាការទី៤: “កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន” ។
ទី៥៖គោលការណ៍យុទ្ធសាស្ដ្រសន្សំសំចៃ “Saving Games” ដែលពាក់ព័ន្ធជាមួយក្រសួង ស្ថាប័ន អង្គភាពរាជធានី-ខេត្ត ត្រូវស្នើសុំការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី ។
ទី៦៖មុខងារសំខាន់ៗមួយចំនួនរបស់គណៈកម្មជំនាញ ដែលត្រូវប្រគល់សិទ្ធិផ្ដល់សេវានានាដល់ CAMSOC ពីវិស័យឯកជន និងក្រុមហ៊ុនដែលមានគុណវុឌ្ឍិខ្ពស់ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវរៀបចំធ្វើកិច្ចសន្យាឲ្យបានរួចរាល់ក្នុងឆមាសទី១ ឆ្នាំ២០២២ លើកលែងតែក្រុមហ៊ុនមួយចំនួន ដែលមានលក្ខណៈពិសេសនិងតម្រូវការពេលវេលាមិនទាន់មកដល់ត្រូវចុះកិច្ចសន្យានៅដំណាច់ឆមាសទី២ ឲ្យខាងតែបាន ។
ទី៧៖ការងារសំខាន់ៗ ចំពោះមុខ ដែលត្រូវសម្រេចឲ្យបានលទ្ធផលជាផ្លូវការក្នុងឆមាសទី១ ឆ្នាំ២០២២ រួមមាន៖
– ការងារចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងការចូលរួមទទួលទង់ស៊ីហ្គេមពីវៀតណាម ។
– គ្រប់ទីលានប្រកួតទាំងអស់ ត្រូវពិនិត្យ វាយតម្លៃ និងចាប់ផ្ដើមជួសជុលកែលម្អ ឬសាងសង់ថ្មីឲ្យបានរួចរាល់ ៦ខែមុន នៃព្រឹត្តិការណ៍ប្រកួត ។
– ត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council) ឲ្យទទួលបានការគាំទ្រពេញទំហឹងពីបណ្ដាប្រទេសសមាជិក SEA Games ។
ទី៨៖ប្រភេទកីឡាមួយចំនួនដែលត្រូវធ្វើការប្រកួតក្នុងលក្ខខណ្ឌPre-Sea Gamesក្នុងឆ្នាំ២០២២២០២៣ត្រូវរៀបចំឲ្យមានប្រសិទ្ធភាព
ខ្ពស់ ដើម្បីស្រូបយកបទពិសោធន៍គន្លឹះសំខាន់ៗ ដើម្បីវាស់ស្ទង់សមត្ថភាព មន្ដ្រីជំនាញកីឡា និងកីឡាករ-កីឡាការិនីឲ្យបានច្បាស់លាស់ ។
ទី៩៖គណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ត្រូវធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព អនុលោមភាព និងទាន់ពេលវេលាតាមផែនការសកម្មភាពបានកំណត់ ។ ទន្ទឹមនឹងនោះ ត្រូវរៀបចំ និងសម្រេចលើគម្រោងថវិកាប្រចាំឆ្នាំ២០២២ និងឆ្នាំ២០២៣ រួមគ្នាតែម្ដងឲ្យរួចរាល់ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែង កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ដ្រី CAMSOC ដែលសម្រេចបានស្នាដៃ និងសមិទ្ធផលការងារគួរជាទីមោទនៈក្នុងឆ្នាំ២០២១ ហើយត្រូវប្ដេជ្ញាបន្ដអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបណ្ដាចំណុចអភិក្រមតម្រង់ទិសទាំង ៩ចំណុចខាងលើ ដែលអង្គសន្និបាត និងសិក្ខាសាលាបានដាក់ចេញ ដើម្បីជំរុញការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ៕