ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវបេតុងមួយខ្សែ ក្នុងសង្កាត់ព្រែកឯង ទឹកលិចដោយអត់ទាន់មានប្រព័ន្ធលូ អាជ្ញាធរនឹងដាក់ប្រព័ន្ធ ដោះស្រាយការលិចលង់

126

ភ្នំពេញៈ កំណាត់ផ្លូវបេតុង១ខ្សែ កែងកំណាត់ផ្លូវជាតិលេខ១ នៅខាងលើផ្សារព្រែកឯង ក្នុងភូមិមិត្តភាពសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅពេលភ្លៀង តែងតែលិចដោយសារអត់ទាន់មាន ប្រព័ន្ធលូ។ នេះយោងតាមអ្នកស្រុក ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៨នេះ ។

ទាក់ទិនបញ្ហានេះ លោក រស់ សុភ័ក្រ្ត អភិបាលរងខណ្ឌច្បារអំពៅទទួលការងារសាធារណៈការខណ្ឌ បានប្រាប់នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះដែរថា ចំពោះផ្លូវបេតុងរងការលិចលង់ ដោយទឹកភ្លៀងនៅផ្លូវខាងលើនេះ គឺនៅមិនទាន់មានប្រព័ន្ធលូមេ សម្រាប់រំដោះទឹកនៅឡើយនោះទេ ទើបបណ្ដាលអោយទឹកភ្លៀង ហូរមកលិចលង់មកលើផ្លូវដូចឃើញនៅក្នុងរូបភាពនេះស្រាប់។ ប៉ុន្តែអាជ្ញាធរខណ្ឌច្បារអំពៅ និងដាក់ម៉ាស៊ីនបូមទឹក លិចផ្លូវខាងលើនោះ ដើម្បីរំដោះការលិចលង់ ដោយទឹកភ្លៀងហូរមកលិចផ្លូវនេះ ដើម្បីអោយបងប្អូនប្រជាជន គាត់ងាយស្រួលក្នុងការធ្វើដំណើរ និងការរស់នៅរបស់ពួកគាត់ផងដែរ។

ជាមួយគ្នានោះអាជ្ញាធរខណ្ឌ ក៏ស្នើរទៅដល់បងប្អូនប្រជាជន រស់នៅតំបន់នោះសូមមេត្តា យោគយល់ផងដែរ ចំពោះបញ្ហានេះ ពោលគឺទៅយឺតវាប្រសើរជាជាង មិនបានទៅ។

លោកអភិបាលរងខណ្ឌច្បារអំពៅ បន្តទៀតថា ជានិច្ចកាលលោកអភិបាលខណ្ឌច្បារអំពៅ ចេង មុនីរ៉ា គាត់មានការគិតគូខ្ពស់ណាស់ចំពោះបញ្ហាសុខទុក្ខ និងរាល់ការលំបាករស់នៅ របស់បងប្អូនប្រជាជនក្នុងមូលដ្ឋាននៅគ្រប់កាលៈទេសៈ ពេលពួកគាត់ជួបការលំបាកពេលនោះក្រុមការងារខណ្ឌ ចុះទៅជួយដោះស្រាយភ្លាម មិនថាថ្ងៃឬយប់នោះទេ ជួយប្រជាជន។

ជាក់ស្ដែងនៅថ្ងៃនេះ ចឹងពេលទទួលបានពត៌មានភ្លាម អាជ្ញាធរខណ្ឌរៀបចំដាក់ម៉ាស៊ីន ចុះបូមទឹកចេញពីលើផ្លូវភ្លាម ដោយមិននៅស្ងៀមឬព្រងើយកន្តើយឡើយ គឺរាល់ការលំបាករបស់បងប្អូន ប្រជាជនទូទៅក្នុងមូលដ្ឋាន គឺជាក្ដីកង្វល់របស់អាជ្ញាធរខណ្ឌ ត្រូវតែចុះដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង