ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីលើកស្ទួយ SMEs ជាពិសេស សហគ្រាសក្នុងវិស័យអាទិភាព, រាជរដ្ឋាភិបាលបាន ដាក់ចេញនូវវិធានការជាច្រើន ក្នុងការស្តារ និងជំរុញឡើងវិញ នូវសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា

39

 

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីពិធីផ្សព្វផ្សាយ ស្ដីការបន្ថែមមូលនិធិសម្រាប់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

នាថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២២ , ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីផ្សព្វផ្សាយ “ការបន្ថែមមូលនិធិចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ធនាគារសហ គ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សមាគមធុរកិច្ច និងវិស័យឯកជន ផងដែរ ។

រាជរដ្ឋាភិបាលបានអនុម័ត និងប្រកាសដាក់ឱ្យប្រើប្រាស់នូវ “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣- កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅរកមាគ៌ាន កំណើនប្រកបដោយសក្តានុពល និងពង្រឹងភាពធន់ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងរយៈពេលវែង ។ ជាការពិតណាស់រដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) ជាអាទិភាពគោលនយោបាយមួយដ៏សំខាន់ ជាពិសេសចំពោះសហគ្រាសដែលស្ថិតក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា កសិកម្ម, កសិ-ឧស្សាហកម្ម, ការកែច្នៃម្ហូប-អាហារកម្មន្តសាល, គ្រឿងបង្គុំ និងទេសចរណ៍ ជាដើម ។ ក្នុងន័យនេះ, ដើម្បីលើកស្ទួយ SMEs ជាពិសេស សហគ្រាសក្នុងវិស័យអាទិភាពខាងលើ, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន ដូចជា៖ (១) ការដាក់ជាបន្ទុករបស់រដ្ឋនូវពន្ធនាំចូលឧបករណ៍, គ្រឿងម៉ាស៊ីន និងគ្រឿងចក្រ ជាដើម, (២) ការបង្កើតឱ្យ មានមូលនិធិអភិវឌ្ឍន៍ជំនាញ, មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងសហគ្រិនខ្មែរ,(៣) ការបង្កើតធនាគារសហគ្រាសធុន តូច និងមធ្យម កម្ពុជា (SME Bank), (៤) ការអនុវត្តកម្មវិធីសហហិរញ្ញប្បទាន តាមរយៈ SME Bank និងកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលក្នុងការផ្តល់ឥណទានក្នុងអត្រាការប្រាក់សម្បទាន សម្រាប់ វិស័យកសិកម្ម និងកសិ ឧស្សាហកម្ម តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង (៥) ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងការផ្តល់ការធានាឥណទានទៅសហគ្រាសដែលជួបនូវកង្វះខាតទ្រព្យបញ្ចាំ ។

ក្នុងអំឡុងឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីសហហិរញ្ញប្បទានដំណាក់កាលទី១ តាមរយៈ SME Bank ដោយសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ក្នុងទំហំទឹកប្រាក់ ចំនួន ១០០ លានដុល្លារអាមេរិក ដែលក្នុងនោះ ការចូលរួមបដិភាគដោយរាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក និងដោយគ្រឹះស្ថានហិរញ្ញវត្ថុឯកជនចំនួន ៥០ លានដុល្លារអាមេរិក ។ តាមរយៈលទ្ធផលវិជ្ជមាននៃការអនុវត្តគម្រោងដំណាក់កាលទី ១, រាជរដ្ឋាភិបាលបានសម្រេចបន្តគម្រោង សហហិរញ្ញប្បទានទ្រទ្រង់ SMEs ដំណាក់កាលទី ២ និងបានដាក់ឱ្យអនុវត្តនៅខែសីហា ឆ្នាំ ២០២១ ដែលមានទំហំទឹក ប្រាក់សរុបចំនួន ១៤០ លានដុល្លារអាមេរិក ដែលក្នុងនោះ ៧០ លានដុល្លារអាមេរិក ត្រូវបានចូលរួមបដិភាគដោយរាជរដ្ឋាភិបាល និង ៧០ លានដុល្លារអាមេរិកទៀត ត្រូវបានចូលរួមបដិភាគដោយគ្រឹះស្ថានហិរញ្ញវត្ថុ ឯកជន។ ជាមួយគ្នានេះដែរ, រាជរដ្ឋាភិបាលបានអនុវត្តគម្រោងហិរញ្ញប្បទានពិសេស សម្រាប់គាំទ្រដល់វិស័យកសិកម្ម តាមរយៈ ARDB៖ (ក) ក្នុងទំហំមូលនិធិសរុបចំនួន ៧៣ លានដុល្លារអាមេរិក គាំទ្រដល់វិស័យស្រូវ-អង្ករ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងជំរុញការនាំចេញ និង (ខ) ក្នុងទំហំមូលនិធិចំនួន ៥០ លានដុល្លារអាមេរិក គាំទ្រសិប្បកម្ម SMEs ក្នុងវិស័យកសិកម្ម ដែលរួមមាន៖ ការចិញ្ចឹម សត្វ, ការដាំដុះបន្លែ-ផ្លែឈើ, វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ។ តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសនេះ, សហ គ្រាសក្នុងវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម មានលទ្ធភាពពង្រឹងអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្ម ក្នុងគោលដៅពង្រឹងភាពប្រកួតប្រជែង, រក្សាសន្តិសុខស្បៀង និងជំរុញការនាំចេញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ។

ដោយទទួលបាននូវការសម្រេច និងអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី, មូលនិធិចំនួន ១០០ លានដុល្លារអាមេរិក ត្រូវបានដាក់បន្ថែមលើគម្រោងមូលនិធិហិរញ្ញប្បទានដែលមានស្រាប់ ដល់ SME Bank និង ARDB, ដើម្បីបន្តជួយគាំទ្រឥណទានក្នុងអត្រាការប្រាក់សម្បទាននៅលើវិស័យ SMEs និងវិស័យកសិកម្ម ដែលជាវិស័យពីរ សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ទាំងក្នុងការបង្កើតការងារ, កែលម្អជីវភាពរស់នៅរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ ។ មូលនិធិបន្ថែមនេះនឹងត្រូវផ្ដល់ជូនដល់ SME Bank ចំនួន ៥០ លានដុល្លារអាមេរិក សម្រាប់បន្តគម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់ SMEs ដំណាក់កាលទី ២ ដែលធ្វើឱ្យបដិភាគរបស់រាជរដ្ឋាភិបាលមានចំនួនដល់ ១២០ លានដុល្លារអារមេរិក ។ មូលនិធិចំនួន ៥០ លានដុល្លារអាមេរិក ផ្សេងទៀតនឹងត្រូវផ្ដល់ជូនទៅ ARDB សម្រាប់កម្មវិធីហិរញ្ញប្បទានពិសេស ដែលក្នុង នោះ ថវិកា ១០ លានដុល្លារអាមេរិកនឹងប្រើប្រាស់ក្នុងវិស័យស្រូវ-អង្ករ និង ៤០ លានដុល្លារអាមេរិកទៀត នឹងប្រើប្រាស់សម្រាប់ ការផ្តល់ហិរញ្ញប្បទានផ្ទាល់ (Direct Lending) ក្នុងទំហំ ៥០% និងសម្រាប់កម្មវិធីសហហិរញ្ញប្បទានចែករំលែកហានិភ័យ ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ (Risk Sharing Syndicated Facilities) ក្នុងទំហំ ៥០% សំដៅគាំទ្រដល់អនុវិស័យផ្លែឈើ, ការចិញ្ចឹមសត្វ, វារីវប្បកម្ម, និងការកែច្នៃផលិតផលកសិកម្ម ជាដើម ។

ការស្តារ និងជំរុញឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស SMEs, វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងវិស័យអាទិភាពផ្សេងៗទៀតឱ្យត្រឡប់មករកស្ថិរភាព និងឆ្ពោះទៅរកមាគ៌ានៃកំណើនប្រកបដោយសក្តានុពលតាម គន្លងប្រក្រតីភាពថ្មី នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយសាមគ្គីភាពខ្ពស់, ការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស SME Bank និង ARDB ព្រមទាំងកិច្ចសហការរបស់គ្រឹះស្ថានហិរញ្ញវត្ថុឯកជន នៅក្នុងការផ្តល់សហហិរញ្ញប្បទានបន្ថែម ៕

អត្ថបទដែលជាប់ទាក់ទង