ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ រំលឹកដល់នគរបាល ត្រូវអនុវត្ដប្រតិបត្តិ ទៅតាមច្បាប់ ហើយមិនត្រូវប្រើប្រាស់ សិទ្ធិអំណាចធ្វើឲ្យ ប៉ះពាល់ដល់ប្រជាពលរដ្ឋ

43

កំពង់ស្ពឺ ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ រំលឹកដល់នគរបាលទាំងអស់ ត្រូវអនុវត្ដប្រតិបត្តិទៅតាមច្បាប់ ហើយមិនត្រូវប្រើប្រាស់សិទ្ធិអំណាចធ្វើឲ្យប៉ះពាលដល់ប្រជាពលរដ្ឋឡើយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ខណៈអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបំប៉នជំនាញសន្ដិសុខផ្ទៃក្នុង និងវគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បញ្ជាក់ថា មន្ដ្រីនគរបាលមិនត្រូវរំលោភបំពានលើប្រជាពលរដ្ឋស្លូតត្រង់ ដែលមិនបានអនុវត្តផ្ទុយពីច្បាប់ជាដាច់ខាត។ កងកម្លាំងនគរបាលជាមន្ដ្រីអនុវត្តច្បាប់ ត្រូវតែយល់ដឹងច្បាស់អំពីច្បាប់ គោរពអនុវត្តប្រតិបត្តិច្បាប់ និងធ្វើជាគំរូលើការអនុវត្តច្បាប់។ យើងមិនត្រូវអាងលើសិទ្ធិអំណាចណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ឬអ្នកស្លូតត្រង់ អ្នកដែលមិនកំហុស អ្នកដែលមិនបានប្រព្រឹត្តអំពើណាដែលរំលោភបំពានច្បាប់។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ក៏បានលើកឡើងដែរថា មនុស្សមួយចំនួនបានប្រព្រឹត្តកំហុស ហើយមិនបានទទួលស្គាល់កំហុសនោះទេ ពោលគាត់តែងតែដោះបន្ទុកនូវអ្វីដែលគាត់បានប្រព្រឹត្ត ដូច្នេះមន្ដ្រីនគរបាលត្រូវតែយល់ច្បាស់អំពីច្បាប់ ពិសេសអ្វីដែលជាធាតុផ្សំនៃបទល្មើស ភ័ស្ដុតាង ដើម្បីកុំឲ្យមនុស្សខិលខូចមួយចំនួនរួចផុតពីច្បាប់ ក្រោយបានប្រព្រឹត្តខុសច្បាប់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងធ្វើកិច្ចការងារជំនាញ យើងត្រូវសិក្សាឲ្យដល់ឬសគល់របស់វា សម្ដៅធ្វើយ៉ាងមិញឲ្យការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលដែលប្រព្រឹត្តនូវបទល្មើស ជាជនទុច្ចរិតឲ្យត្រូវទៅនឹងទម្រង់ទាំងអស់នេះ»។

បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ ឆៃ ស៊ីណារិទ្ធ ក៏បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវចូលរួមថែរក្សាសន្ដិភាព ដែលស្វែងរកបានដោយលំបាក ព្រោះបើគ្មានសុខសន្ដិភាព គឺគ្មានការអភិវឌ្ឍន៍នោះឡើយ។ ក្នុងនាមកងកម្លាំងនគរបាលជាតិ មិនត្រូវក្បត់មនសិកា មិនក្បត់ឧត្តមគតិប្រទេសជាតិ មិនត្រូវក្បត់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋនោះទេ ហើយអ្វីដែលមានសព្វថ្ងៃនេះ គឺត្រូវខិតខំការពារទាំងអស់គ្នា។

គួរជម្រាបថា យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា ក្នុងវគ្គបំប៉នជំនាញសន្ដិសុខផ្ទៃ ក្នុង មានសិក្ខាកាមចំនួន១០០នាក់ មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន ចំនួន៣២។ ដោយឡែក វគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក មានសិក្ខាកាមចំនួន១០០នាក់ មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋានចំនួន២៦។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ អុន បានបញ្ជាក់ថា គ្រប់ការសិក្សាតាមវគ្គនីមួយៗ សាលាតម្រូវឲ្យមានការប្រឡងបញ្ចប់វគ្គ ពេលសិក្សាមេរៀននីមួយៗទាំងទ្រឹស្តី ការអនុវត្តជាក់ស្តែងលើទីលាន គ្រូតម្រូវធ្វើតេស្តដើម្បីស្ទាបស្ទង់សមត្ថភាពរបស់សិក្ខាកាម និងផ្តល់ពិន្ទុជូនសិក្ខាកាមម្នាក់ៗ ដោយបូកជាមួយវិន័យ សិលធម៌ ការសាមគ្គីភាព ពលកម្មអនាម័យ ការរស់នៅជាមូលដ្ឋានគ្រឹះ ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូននៅពេលបញ្ចប់វគ្គ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ អុន ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងងស់ ត្រូវតែចេះសម្របខ្លួនរស់នៅក្នុងជីវភាពជាសមូហភាព គ្រប់សកម្មភាពត្រូវកំណត់ចូលក្នុងវិន័យ សីលធម៌ ប្រការទាំងនេះមិនអាចជៀសផុតពីការលំបាកខ្លះៗ ដែលទាមទារឲ្យសិក្ខាកាមត្រូវអត់ធ្មត់ហាត់ពុតលត់ដុំខ្លួន ទើបលទ្ធផលនៃការសិក្សាបានល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង