ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារ ៖ ប្រជាពលរដ្ឋ និងអាជីវករផ្សារបន្លែច្បារអំពៅ បើមិនអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាលទេ មិនអនុញ្ញាតឲ្យចេញ-ចូល ក្នុងផ្សារឡើយ

48

 

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារបន្លែច្បារអំពៅ បើមិនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ គឺមិនអនុញ្ញាតឲ្យចេញ-ចូលក្នុងផ្សារបន្លែច្បារអំពៅឡើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក សាន់ ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅនាព្រឹកថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ២០២២ នេះ។

លោកសាន់ ប៊ុនណាបានមានប្រសាសន៍លើកឡើងថា អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១០កុម្ភៈ កន្លងមកនេះ ពោលគឺខណៈដែលជម្ងឺកូវីដ-១៩ ប្រភេទអូមីក្រុងបានរីករាលដាលចូលក្នុងសហគមន៍ គណៈកម្មការផ្សារបន្លែច្បាអំពៅបានដាក់កម្លាំងសន្តិសុខ នៅតាមច្រកចេញ-ចូលទាំង ៩ជាមួយនឹងការដាក់ កន្លែងវាស់កំដៅ ជែល អាកុលសម្រាប់លាងដៃ ជាដើមនៅតាមច្រកទាំងអស់។តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករត្រូវបង្ហាញការចាក់វ៉ាក់សាំង ។ បងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់ បើមិនបានបំពេញតាមលក្ខខណ្ឌលើកិច្ចការពារទប់ស្កាត់ជំងឺកូវីដ-១៩ ទៅតាមវិធានការរបស់ក្រសួងសុខាភិបាលទេ គឺមិនអនុញ្ញាតឲ្យចូលផ្សារ ដើម្បីទិញបន្លែបង្កា ត្រី សាច់ឡើយ ។

ដោយឡែកចំពោះលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅវិញ ក៏បានមានប្រសាសន៍បញ្ជាក់ស្រដៀងគ្នានិងគណៈកម្មការផ្សារបន្លែរច្បារអំពៅនេះផងដែរថា ៖ ចំពោះអ្នកចេញ-ចូលផ្សារច្បារអំពៅដាច់ខាតត្រូវតែអនុវត្តឲ្យបាន នូវវិធានការការពារជំងឺកូវីដ-១៩ឲ្យបានខ្ជាប់ខ្ជួន ។ បើមិនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ គឺគណៈកម្មការផ្សារមិនអនុញ្ញាតឲ្យចូលក្នុងផ្សារឡើយ។

លោកប្រធានក៏បានបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍នៃការរីករាលដាល ជំងឺកូវីដ-ប្រភេទអូមីក្រុងនេះ អាជីវករលក់ដូរក្នុងផ្សារ មកលក់ដូរជាធម្មតា ប៉ុន្តែសម្រាប់អតិថិជនចេញ-ចូលផ្សារ ថ្ងៃខ្លះមានការថយចុះប្រមាណ២០% ថ្ងៃខ្លះក៏ធម្មតាដែរ។ ទោះបីជាយ៉ាងណាក្តី ការរឹតបន្តឹង លើកិច្ចការពារ ជម្ងឺរាតត្បាតនេះ គណៈកម្មការផ្សារ បានផ្សព្វផ្សាយតាមឧគ្ឃោសនស័ព្ទជាប្រចាំ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាន របស់ក្រសួងសុខាភិបាល ពិសេសអនុវត្ត ៣កុំនិង៣ការពាររបស់សម្តេចតេជោហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង