ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីជប៉ុន ចាត់ទុកដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេស មីយ៉ាន់ម៉ាជាកិច្ចខិតខំប្រឹងប្រែងបែបវិជ្ជមានបំផុតក្នុងការដោះស្រាយស្ថានការណ៍

45

ជប៉ុន  ៖ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម Fumio Kishida នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បានថ្លែងកោតសរសើរ និងចាត់ទុកដំណើរទស្សនកិច្ច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាកិច្ច ខិតខំប្រឹងប្រែងបែបវិជ្ជមានបំផុតក្នុងការដោះស្រាយស្ថានការណ៍។

ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ក្នុងឋានៈជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើង គោកនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ឯកឧត្តមពិតជាចង់ផ្សារភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អ និង កាន់តែស៊ីជម្រៅបន្ថែមទៀត រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។

ឯកឧត្តម ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញថា កាលពីដើមសប្តាហ៍នេះ ឯកឧត្ដមបានជួបជាមួយរដ្ឋមន្ត្រីការ បរទេសជប៉ុន គឺឯកឧត្តម Yoshimasa Hayashi ដែលក្នុងជំនួបនោះ ក្រសួងការបរទេសជប៉ុន បាននិយាយថា អំឡុងពេលនៃកិច្ចពិភាក្សា ជាមួយឯកឧត្តម ហ៊ុន ម៉ាណែត នៅទីក្រុងតូក្យូ ឯកឧត្តម Hayashi បានស្វាគមន៍នូវចំណុច ជាច្រើនដែលឯកឧត្តមបានពិពណ៌នាស្តីពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសជប៉ុន និងកម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការ និង ខិតខំប្រឹងយ៉ាងយកចិត្តទុកដាក់ រវាងប្រទេសយើងទាំងពីរ លើស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហាក្នុងតំបន់ផ្សេងៗទៀត។ ស្របពេលជាមួយគ្នានោះ ដែរមន្ត្រីជាន់ខ្ពស់ជប៉ុនក៏បាន បញ្ជាក់បន្ថែមថាកម្ពុជា-ជប៉ុន បានយល់ព្រមសហការគ្នា ក្នុងការដោះស្រាយស្ថានការ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាបន្តបន្ទាប់ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន។សូមបញ្ជាក់ថានៅដើមខែ មករាឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្លាប់បានធ្វើដំណើរទស្សនកិច្ច អមវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ ប្រទេសមីយ៉ាន់ម៉ា ជាលើកដំបូង ចាប់តាំងពីប្រទេសមីយ៉ាន់ម៉ា ត្រូវបានគ្រប់គ្រងនិង ដឹកនាំដោយកងកម្លាំងយោធារយៈពេល១ ឆ្នាំកន្លង មកហើយ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅឆ្នាំ២០២២នេះកម្ពុជា គឺទទួលបន្ទុកធ្វើជាប្រធានអាស៊ាន ហើយបច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែនបាននឹងកំពុង ដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ ប្រទេសដែលជារដ្ឋសមាជិកទាំងអស់ ដើម្បីបន្ធូរបន្ថយវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា។

ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន បានគូសបញ្ជាក់ ជាថ្មីម្តងទៀតថា ប្រទេសជប៉ុននឹងបាន សហការជាមួយ ព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចឲ្យបាន នូវកិច្ចការក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បែបសេរីនិងបើកចំហ ដើម្បីភាពសុខដុមនីយកម្មនិង ទទួលបានសន្តិភាព ពិតប្រាកដសម្រាប់ ប្រជាជនយើងទាំងពីរ ក៏ដូចជាប្រជាជន ក្នុងតំបន់ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង