ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើអ្នកទិញផ្ទះ គួរបង់រំលស់ ជាមួយធនាគារ ឫម្ចាស់គម្រោង?

69

 

ភ្នំពេញ ៖ ដោយសារតែការប្រកួតប្រជែងដ៏ស្វិតស្វាញ នៅក្នុងទីផ្សារអចលនទ្រព្យ ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ អ្នកអភិវឌ្ឍន៍ អចលនទ្រព្យមួយចំនួន ក្នុងប្រទេសកម្ពុជា បានផ្លាស់ប្តូរយុទ្ធសាស្ត្រ លក់របស់ខ្លួន ដើម្បីទាក់ទាញ អ្នកទិញកាន់តែច្រើន ជាមួយនឹងការបញ្ចុះតម្លៃ ការបង់រំលស់ងាយស្រួល ហើយក្នុងករណីខ្លះទិញ ដោយមិនចាំបាច់បង់ប្រាក់តម្កល់ជាមុន។

ជាទូទៅ វាជាតួនាទីរបស់ធនាគារ មិនមែនអ្នកអភិវឌ្ឍន៍នោះទេ ដែលត្រូវផ្តល់ប្រាក់កម្ចី ដល់អ្នកទិញផ្ទះ។ ប្រការនេះបានចោទ​ជា​សំណួរ​​ថា តើ​អ្នក​ទិញ​ផ្ទះ​នៅ​កម្ពុជា​គួរ​បង់​ប្រាក់​កម្ចី​ ជាមួយ​អ្នក​អភិវឌ្ឍន៍ ឬ​ធនាគារ បើ​ ​ពួកគេមានជម្រើស។

លោក អៀ ចរិយា អគ្គនាយកក្រុមហ៊ុន AP Real Estate មានប្រសាសន៍ថា ការទិញអចលនទ្រព្យ ដោយប្រើកម្ចីជាមួយអ្នកអភិវឌ្ឍន៍ ឬធនាគារអាចជាជម្រើសដ៏ល្អ ព្រោះតម្លៃអចលនទ្រព្យ អាចឡើងខ្ពស់ ជាងអត្រាការប្រាក់ ប៉ុន្តែវាអាស្រ័យលើប្រភេទ អចលនទ្រព្យ ទីតាំង តម្លៃ ជម្រើសនៃការទូទាត់ និងអត្រាការប្រាក់ ដែលផ្តល់ជូនដោយ អ្នកអភិវឌ្ឍន៍ ឬធនាគារ។

លោកបានបន្ថែមថា៖ «ការបង់ប្រាក់កម្ចីទិញផ្ទះជាមួយអ្នកអភិវឌ្ឍន៍ និងធនាគារ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ប្រសិនបើអ្នកជ្រើសរើសបង់រំលោះ ជាមួយធនាគារ អត្រាការប្រាក់ចន្លោះពី ៥ ទៅ ១០ ភាគរយក្នុងមួយឆ្នាំជាមួយហានិភ័យទាប ដោយសារតែធនាគារនឹងសិក្សាពីលទ្ធភាព នៃការសងត្រឡប់ដូចជា ចំណូលប្រចាំខែ ទៀតទាត់ វត្ថុបញ្ចាំ (ប្លង់រឹង) និងឯកសារពាក់ព័ន្ធផ្សេងទៀត មុនផ្តល់ប្រាក់កម្ចី។»

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជ្រើសរើសបង់ប្រាក់កម្ចី ជាមួយអ្នកអភិវឌ្ឍន៍ អត្រាការប្រាក់ចន្លោះពី ៨ ទៅ ១២ ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែអ្នកអភិវឌ្ឍន៍មិនត្រូវ ការបញ្ជាក់ពីប្រាក់ចំណូលប្រចាំខែ និងឯកសារផ្សេងៗទៀតពីអ្នកទេ។ ករណីនេះគឺល្អ សម្រាប់ម្ចាស់ អាជីវកម្មខ្នាតតូច និងអ្នកវិនិយោគដែល មិនមានប្រាក់ ចំណូលប្រចាំខែទៀងទាត់ ប៉ុន្តែមានហានិភ័យខ្ពស់ ដោយសារតែប្រាក់ចំណូល របស់ពួកគេអាចឡើងចុះ។

លោក សុខ សេរី ជាម្ចាស់អាជីវកម្មអនឡាញម្នាក់ នៅទីក្រុងភ្នំពេញ ដែលទើបតែទិញខុនដូ មួយបន្ទប់គេងនៅបឹងកេងកង១ ហើយសម្រេចចិត្តបង់ប្រាក់ រំលោះប្រចាំខែ ជាមួយអ្នកអភិវឌ្ឍន៍។

នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បាន​ជា​គាត់​ជ្រើស​រើស​បង់​កម្ចី​ទិញ​ផ្ទះ​ ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ លោក សេរី មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សម្រេច​ចិត្ត​បង់​ប្រាក់​កម្ចី​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ខ្ញុំ ព្រោះ​វា​ងាយ​ស្រួល​ ជាង​ធនាគារ។ អ្នកអភិវឌ្ឍន៍មិនទាមទារប្រាក់ ចំណូលប្រចាំខែ ទៀងទាត់ និងឯកសារពាក់ព័ន្ធផ្សេងទៀតទេ ហើយអ្វីដែលសំខាន់ជាងនេះ ទៅទៀតនោះគឺថាខ្ញុំអាចចរចា មិនបង់ប្រាក់តម្កល់ ៣០ភាគរយជាមុន។»

លោកបានបន្ថែមថា៖ «ទោះបីជាប្រាក់ចំណូលប្រចាំខែរបស់ខ្ញុំឡើងចុះ ខ្ញុំនៅតែអាចមាន លទ្ធភាព បង់ប្រាក់កម្ចីទិញផ្ទះបាន ទោះបីជាមានអត្រា ការប្រាក់ខ្ពស់បន្តិចក៏ដោយ ហើយខ្ញុំអាចមាន ផ្ទះអចិន្ត្រៃយ៍ផ្ទាល់ខ្លួន សម្រាប់រស់នៅដោយមិនចាំបាច់ បង់ថ្លៃជួលប្រចាំខែទៀតទេ។»

សម្រាប់អ្នកជំនាញអចលនៈទ្រព្យមួយចំនួន អ្នកអភិវឌ្ឍន៍អចលនៈទ្រព្យ ដែលអនុញ្ញាតឱ្យអតិថិជន បង់រំលោះជាមួយពួកគេ មិនមែនជាមួយធនាគារ មានហានិភ័យខ្ពស់ ដែលអ្នកទិញមិន អាចបង់ប្រាក់បានថិតថេរ។

ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកជំនាញអចលនទ្រព្យបាននិយាយថា ការបង់ប្រាក់កម្ចីទិញផ្ទះ ជាមួយអ្នកអភិវឌ្ឍន៍ អាចប៉ះពាល់ដល់អតិថិជន ដែលខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលនាំឱ្យមាន ហានិភ័យខ្ពស់ នៃការខកខានបង់ត្រលប់។ ជាធម្មតា អ្នកអភិវឌ្ឍន៍មិនមាន ជំនាញ ដើម្បីសិក្សាពីលទ្ធភាពហិរញ្ញវត្ថុ របស់អតិថិជនក្នុងការទូទាត់ ត្រឡប់មកវិញនោះទេ។

លោក​បន្ត​ថា​៖ «​ដោយ​សារ​វា​ងាយ​ស្រួល​ក្នុង​ការ​ខ្ចី​ ដូច្នេះ​អតិថិជន​មួយ​ចំនួន​ អាច​ទិញ​ផ្ទះ​មួយ​ ឬ​ពីរ​។ អតិថិជន​ខ្លះ​រំពឹង​ថា​ពេល​ទិញ​ផ្ទះរួច ​គេ​អាច​ជួល ឫលក់​ចេញវិញ​ដោយ​ចំណេញ។ ប៉ុន្តែ ប្រសិនបើការរំពឹងទុក នោះមិនបានដូចបំណង នោះអតិថិជនអាច នឹងមាន បញ្ហាជាមួយនឹង លំហូរហិរញ្ញវត្ថុ ហើយចុងក្រោយគាត់​អាច​ នឹង​ដាក់​លក់អចលនទ្រព្យ​ ទៅវិញ ក្នុងតម្លៃក្រោមទីផ្សារ ដែលអាច​ជះ​ឥទ្ធិពល​ ទៅលើ​ទីផ្សារ​ទាំងមូល»។

លោក​បាន​លើក​ឡើង​ថា វិធី​ល្អ​បំផុត​គឺ​អតិថិជន ​មិន​គួរ ​ប្រើ​កម្ចី​ទិញ​លំនៅឋាន​ពី​អ្នក​អភិវឌ្ឍន៍​ទេ ព្រោះ​មិន​បាន​ការសិក្សា ​ពី​លទ្ធភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន ខុសពីធនាគារដែលនឹងសិក្សា ពីចំណូលអតិថិជន និងធ្វើការវិនិច្ឆ័យ លើហានិភ័យប្រាក់កម្ចី ជាមួយ អត្រាការប្រាក់ទាប។

តាមដានព័ត៌មានផ្សេងៗ ទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property និងកម្មវិធីទូរសព្ទដៃដោយសរី៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633

https://www.harbor-property.com/km/wiki/detail/337

 

អត្ថបទដែលជាប់ទាក់ទង